គណៈកម្មការរៀបចំការប្រឡងបន្តដំណើរការលើវិញ្ញាអនុវត្តកីឡា សម្រាប់ជ្រើរើសគ្រូឯកទេសកីឡា
ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡង ដែលមាន ក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមដំណើរការប្រឡងវិញ្ញាសាអនុវត្តកីឡា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីវិញ្ញាសាសរសេរត្រូវបានប្រព្រឹត្តទៅ និងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។ ចំពោះគ្រប់វិញ្ញាសា នៃការប្រឡងប្រជែងនេះដែរ ក៏មានការចូលរួមសង្កេតការណ៍ពីអ្នកពាក់ព័ន្ធទាំងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលជាដើម។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសាអនុវត្តកីឡា បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងបានពន្យល់បេក្ខជនទាំងអស់ អំពីវិញ្ញាសាទាំង៣ប្រភេទ នៃវិញ្ញាសាកីឡា រួមមាន ចោលដុំដែក, លោតចម្ងាយ និងរត់ល្បឿន ហើយក្រោយជ្រួតជ្រៀបអំពីនីតិវិធីនោះ នៅរសៀលចាប់ផ្ដើមអនុវត្តរហូតដល់បញ្ចប់តែម្ដង។
ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ការប្រឡងវិញ្ញាសាកីឡានេះ ក្នុងមួយថ្ងៃអាចឲ្យបេក្ខជន បេក្ខនារី ចំនួន២៨៨នាក់ បានចូលរួមប្រឡង ហើយត្រូវបន្ដជាបន្ដបន្ទាប់រហូតដល់គ្រប់ចំនួនបេក្ខជនទាំង១,៨៨២នាក់។ នៅពេលប្រឡងនេះ គឺបេក្ខជនទាំងអស់បានឃើញនូវពិន្ទុដែលខ្លួនទទួលបានភ្លាមៗតែម្ដង ដោយមិនរង់ចាំយូរនោះឡើយ។
ឯកឧត្តម បន្ដថា បើតាមអ្វីដែលបានគ្រោងទុក សម្រាប់រយៈពេលប្រឡងវិញ្ញាសាអនុវត្តកីឡានេះ នឹងបញ្ចប់នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ក្រោយប្រកាសលទ្ធផលជាផ្លូវការ គណៈកម្មការក៏បានទុករយៈពេលមួយសប្ដាហ៍ផងដែរ ដើម្បីឲ្យបេក្ខជន បេក្ខនារី ធ្វើការតវ៉ាចំពោះលទ្ធផលដែលខ្លួនទទួលបាន ក្នុងករណីយល់ឃើញថា មានភាពមិនប្រក្រតីណាមួយដែលអាចកើតឡើងជាយថាហេតុ។
សម្រាប់ប្រភេទវិញ្ញាសាអនុវត្តកីឡាមាន ៣វិញ្ញាសា រួមមាន ទី១៖ អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី, ទី២៖ អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងទី៣៖ អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ ត្រូវបានបែងចែកវិញ្ញាសារជាពីរប្រភេទ ក្នុងនោះ ប្រភេទវិញ្ញាសាសរសេរ មានដូចជា វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស ។ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡានេះ ក្រសួងបានទទួលបេក្ខភាពចុះឈ្មោះ និងបំពេញឯកសារគ្រប់គ្រាន់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន១,៨៩២នាក់ (ស្រី៥៧៩នាក់) រួមមាន៖ កម្រិត ១២+៤ ចំនួន៤៤៣នាក់ និងកម្រិត ១២+២ ចំនួន ១,៤៤៩នាក់ ៕
អត្ថបទ ៖ រូបភាព ង៉ាន់ ទិត្យ




