កូរ៉េខាងជើងទើបបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) កាលពីព្រឹកមិញនេះ
យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងទើបតែបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអង្គារនេះ។
យោធាទីក្រុងសេអ៊ូលបានអះអាងថា មីស៊ីលឆ្លងទ្វីបទាំងនេះ ត្រូវបានបាញ់ចូល ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច របស់កូរ៉េខាងជើង។ ការបាញ់នេះត្រូវបានដឹងថា ជាការសាកល្បងមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៤នេះ។
ម៉ីស៊ីល គ្រូស (Cruise) គឺជាប្រភេទម៉ីស៊ីលដែលប្រើក្នុងប្រតិបត្តិការយោធា ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។ ម៉ីស៊ីល គ្រូស (Cruise) ទំនើប មានសមត្ថភាពធ្វើដំណើរក្នុងល្បឿនដ៏លឿន អាចរុករកកម្មវុត្ថុដោយខ្លួនឯង ហើយអាចហោះលើគន្លង ដែលមានរយៈកម្ពស់ទាបបំផុតផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមករា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា
«យោធារបស់ប្រទេសកូរ៉េខាងត្បូងទើបបានរកឃើញម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ ដែលបានបាញ់ចូលទៅក្នុងសមុទ្រខាងលិច នៃប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណ ៧ព្រឹក»។
ការបាញ់បង្ហោះជាថ្មីនេះត្រូវបានធ្វើឡើង នៅក្រោយពេល ២ថ្ងៃ ដែលកូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ផងដែរ ឆ្ពោះទៅសមុទ្រលឿង។ ពេលនោះដែរ កូរ៉េខាងជើងបានអះអាងថា គឺជាការសាកល្បង លើកដំបូង នៃម៉ីស៊ីល គ្រូស (Cruise) ជំនាន់ថ្មី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត