រាជរដ្ឋាភិបាលកម្ពុជា ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ

តាកែវ៖ រាជរដ្ឋាភិបាល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព ជូនប្រជាពលរដ្ឋចំនួន ៣២៣ គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នាពេលនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នក្រសួងបានបញ្ចេញនូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ និងអាចប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវទំនាស់ដីធ្លីផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឲ្យការងារនេះសម្រេច និងទទួលជោគជ័យទៅបាន គឺត្រូវតែមានការចូលរួម និងសហការពីប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា ព្រោះការងារចុះបញ្ជីដីធ្លីឲ្យបានច្បាស់លាស់នេះ សុទ្ធសឹងតែដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តថា មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅមានប្រមាណ២លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅទូទាំងប្រទេសនៅសល់ប្រមាណ ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់ ហើយការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner