ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមស គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”។ ចំពោះ “ការពង្រឹងការតភ្ជាប់” មានអាទិភាពចំនួនបួន ពោលគឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកប ដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាប័ន្ននិងចីរភាព។ ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួនប្រាំ ពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀត និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននូវចក្ខុវិស៧យសហគមន៍អាស៊ានឆ្នាំ២០២៥ ដោយសកម្មភាព ៩៩% នៃផែនការលម្អិតសហគមន៍សន្តិសុខនិងនយោបាយអាស៊ាន សកម្មភាព ៩២% នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ច និងសកម្មភាព៩៧% នៃផែនការលម្អិតសហគមន៍សង្គម-វប្បធម៌ ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ។

ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសបានផ្ដោតសារៈសំខាន់លើ ការប្រើប្រាស់វិធីសាស្ត្រប្រកបដោយបរិយាបន្ន និងគ្រប់ជ្រុងជ្រោយ ជាមួយបណ្តាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក្រោមការដឹកនាំរបស់សហប្រធានឡាវ និងម៉ាឡេស៊ី ដែលជាសហប្រធានអមអចិន្ត្រៃយ៍ នៃក្រុមការងារកម្រិតខ្ពស់ក្នុងគោលបំណងអនុម័តឯកសារទាំងពីរនេះជាកញ្ចប់នៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមនៅក្នុងការអនុវត្ត វិស័យអាទិភាពទាំងបួនរបស់ចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏បានបន្តស្វាគមន៍ បំណងជាបន្តបន្ទាប់របស់ប្រទេសក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងការស្នើសុំបង្កើតភាពជាដៃគូផ្លូវការជាមួយអាស៊ាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនិងរឹងមាំ ផ្អែកលើការគោរពការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ពលជ័យ

ads banner