រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ
(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីដែលតែងតែជួយគំាទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍជាតិរហូតមកទល់បច្ចុប្បន្ន ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ហើយថាកម្ពុជានិងឥណ្ឌូនេស៊ី មានសក្តានុពលជាច្រើនដែលអាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងវិស័យការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរដូចគ្នា។

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុងចំណោមបរទេសដែលវិនិយោគនៅកម្ពុជា ។ ទំហំពាណិជ្ជកម្មកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨លានដុល្លារ ។ នៅក្នុង ៤ខែដំបូង នៃឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៩២ លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជា ផងដែរ។ ក្នុងន័យនេះ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត និងសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតពិចារណាក្នុងការជួយនាំផលិតផលកសិកម្មពីកម្ពុជាឱ្យបាន់កាន់តែច្រើនបន្ថែមទៀត ៕


ដោយ ហេង សម្បត្តិ