គោលដៅលំហែរបៃតងក្នុងតំបន់ការពារធម្មជាតិ ការពារផលប្រយោជន៍ និងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង ក្នុងតំបន់ការពារធម្មជាតិ នៅក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ ៣ចម្បង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន ។

គោលការណ៍ចម្បងទាំង៣រួមមាន ទី១. គ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុមរមនា រវាងគម្រោងនិងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។ ទី២. គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវជួយការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោង ត្រូវចូលរួមការងារជាមួយសហគមន៍ ការពារទប់ស្កាត់ការទន្រ្ទានយកដីតំបន់ការពារធម្មជាតិ ឱ្យបានជាដាច់ខាត ជាពិសេសការពារឱ្យបាននូវការកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានីភ័យនានា ដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។ ទី៣. អនុវត្តនូវភាពស្អាត ភាពបៃតងនៅក្នុងតំបន់ការពារ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីសមានចិត្ត របស់ប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ដែលរួមមានភ្ញៀវទេសចរណ៍ មកកម្សាន្តនៅតំបន់ការពារធម្មជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការថែរក្សានូវភាពបៃតងនៅជុំវិញតំបន់ការពារ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដាំដើមឈើពីអ្នកទេសចរ គឺជាការផ្សព្វផ្សាយចរណៃភាពបៃតងឱ្យដក់ជាប់នៅក្នុងចិត្តស្អាតរបស់ទេសចរជាតិ-អន្តរជាតិ។ លើសពីនេះ ការលើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈមិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើមនិងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ គឺជាភាពកម្រជំរុញឱ្យមានការទាក់ទាញពីទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏សម្បូរបែបរបស់ខ្មែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner