សហរដ្ឋអាមេរិកព្រមានអ៊ីស្រាអែលថា នឹងជួបគ្រោះមហន្តរាយ បើវាយលុកភាគខាងត្បូងតំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានព្រមានក្នុងថ្ងៃសុក្រនេះថា អ៊ីស្រាអែលកំពុងប្រថុយនឹងគ្រោះមហន្តរាយ បើសិនខ្លួនបញ្ជូនទាហានចូលទៅវាយលុកក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជ្រកកោណនៅទីនោះ។

អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel និយាយថា យើងនឹងមិនគាំទ្រផែនការវាយលុករបស់អ៊ីស្រាអែលក្នុងទីក្រុង Rafah ទាំងដែលគ្មានផែនការច្បាស់លាស់ និងគួរឲ្យជឿជាក់នោះទេ ព្រោះវានឹងក្លាយជាគ្រោះមហន្តរាយ។

ចំណែកប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានព្រមានដែរថា ការជំរុញប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុង Rafah នឹងបង្កើនបន្ទុកបន្ថែមទៀត នូវអ្វីដែលជាសុបិន្តអាក្រក់ផ្នែកមនុស្សធម៌រួចទៅហើយ។

ការព្រមានខាងលើនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ឲ្យកងទ័ពត្រៀមខ្លួន សម្រាប់ប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ទាំងដែលនៅទីនោះ មានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលភៀសខ្លួនគេចចេញពីការប្រយុទ្ធគ្នាក៏ដោយ។ បន្ថែមលើនេះ លោក បេនចាមីន ក៏បានទាត់ចោលលក្ខខណ្ឌបទឈប់បាញ់ ដែលស្នើឡើងដោយក្រុមហាម៉ាសផងដែរ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១,១៦០នាក់ ភាគច្រើនជាជនស៊ីវិល។ ហើយថែមទាំងបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់។

អ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំង ១៣២នាក់នៅតែបន្តជាប់ឃុំនៅហ្គាហ្សា ហើយចំណាប់ខ្មាំង ២៩នាក់ គេជឿជាក់ថា ត្រូវបានសម្លាប់។ ជាការសងសឹក អ៊ីស្រាអែលបានវាយប្រហារទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដោយបានមនុស្សប្រមាណ ២៧,៨៤០នាក់ ភាគច្រើនជាស្រ្តី និងកុមារ នេះបើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner