លោក ស៊ី ប្រាប់លោក ពូទីន ថា ចិន-រុស្ស៊ីគួរតែប្រឆាំងការជ្រៀតជ្រែកពី “កងកម្លាំងខាងក្រៅ”

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា ប្រទេសទាំងពីរគួរតែប្រឆាំងនឹងការជ្រៀតជ្រែកពី “កងកម្លាំងខាងក្រៅ” ខណៈដែលមេដឹកនាំទាំងពីរបានជជែកគ្នាតាមទូរស័ព្ទ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

លោក ស៊ី ថ្លែងថា ប្រទេសចិន និងរុស្ស៊ី គួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាយុទ្ធសាស្ត្រ, ការពារអធិបតេយ្យភាព, សន្តិសុខ និងផ្តល់ផលប្រយោជន៍ពីការអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ក៏ដូចជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយកងកម្លាំងខាងក្រៅ។ លោក ស៊ី បន្ថែមថា ចិន-រុស្ស៊ីបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនជាមួយគ្នា ហើយថា សម្រាប់ពេលអនាគត ទំនាក់ទំនងចិន-រុស្ស៊ីកំពុងបោះជំហានឈានឆ្ពោះទៅរកឱកាសថ្មីសម្រាប់ការអភិវឌ្ឍ។

ចំណែកលោក ពូទីន បានប្រាប់លោក ស៊ី វិញថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ លោក ពូទីន បន្ថែមថា រុស្ស៊ីប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយប្រឆាំងនឹងរាល់ទង្វើដ៏គ្រោះថ្នាក់ណាមួយ ដែលបង្កបញ្ហាដល់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងបានពង្រឹងទំនាក់ទំនងទ្វេភាគី បើទោះបីជាប្រទេសជាច្រើនបានបែរខ្នងដាក់រុស្ស៊ី ជុំវិញការលុកលុយប្រទេសអ៊ុយក្រែនក៏ដោយ។ លើសពីនេះ ភាគីទាំងពីរនៅបានរក្សាស្ថេរភាពនៃដំណើរទស្សនកិច្ច និងការសន្ទនាកម្រិតខ្ពស់ ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០២៣។

យោងតាមទិន្នន័យរបស់រដ្ឋបាលគយចិន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរុស្ស៊ី និងចិនកើនដល់ ២៤០,១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ កើនឡើង ២៦,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣ ការនាំចេញរបស់ចិនទៅរុស្ស៊ីបានកើនឡើង ៤៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយកើនឡើងរហូតដល់ ៦៤,២ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ចំណែកការនាំចូលរបស់ចិនពីរុស្ស៊ីវិញ កើនដល់ ១៣ភាគរយក្នុងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner