លោក បៃឌិន និងមេដឹកនាំអាល្លឺម៉ង់ ជំរុញឲ្យសភាអាមេរិកអនុម័ត «ជំនួយអ៊ុយក្រែន»
វ៉ាស៊ីងតោន ឌីស៊ី៖ មេដឹកនាំប្រទេសអាល្លឺម៉ង់ និង ប្រធានាធិបតីអាមេរិកបានជួបពិភាក្សាគ្នា កាលពីថ្ងៃសុក្រ ដោយក្នុងជំនួបនោះ ទាំងលោក Scholz និង លោក Biden បារម្ភខ្លាំងពីស្ថានភាពជំនួយរបស់អាមេរិក ដល់អ៊ុយក្រែន ដែលជាប់គាំងត្រឹមសភាអាមេរិក មិនអនុម័តឲ្យ ថ្មីៗនេះ។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញសមាជិកសភាអាមេរិកឱ្យអនុម័ត «កញ្ចប់ជំនួយយោធា» ដែលពន្យារពេលជាយូរហើយ សម្រាប់អ៊ុយក្រែន។ ពួកលោកព្រមានថា រដ្ឋបាលក្រុងគៀវ ឬ អ៊ុយក្រែន មិនអាចទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី ដោយគ្មានជំនួយទាំងនោះទេ។
អំឡុងជំនួប នៅការិយាល័យ Oval Office ពេលនោះ លោក Biden បាននិយាយថា «ការបរាជ័យនៃសភាសហរដ្ឋអាមេរិកក្នុងការមិនគាំទ្រអ៊ុយក្រែន គឺអាចចាត់ទុកថា ជាការធ្វេសប្រហែសព្រហ្មទណ្ឌ ហើយជារឿងគួរឱ្យសង្វេគណាស់»។
រីឯ មេដឹកនាំអាល្លឺម៉ង់ ជាប្រទេសដែលគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់អ៊ុយក្រែននោះ បាននិយាយ ដោយបង្ហាញពីក្តីសង្ឃឹមថា ភាពជាប់គាំងជំនួយរបស់អាមេរិក ដែលប៉ុនប៉ងផ្តល់ជូនអ៊ុយក្រែន តម្លៃរាប់សិបពាន់លានដុល្លារអាមេរិកនោះ នឹងអាចមានដំណោះស្រាយ ឆាប់ៗ។
លោក Scholz បានព្រមានថា «បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក និងដោយគ្មានការគាំទ្រពីរដ្ឋនៅអឺរ៉ុបទេ អ៊ុយក្រែននឹងមិនមានឱកាសការពារប្រទេសរបស់ខ្លួនឡើយ»។
គួរបញ្ជាក់ថា នៅសប្តាហ៍នេះ សភាអាមេរិកបានច្រានចោលសេចក្តីព្រាងច្បាប់ ទាក់ទងនឹងកញ្ចបថវិកា ប្រមាណ១១៨ពាន់លានដុល្លារ សម្រាប់ដោះស្រាបញ្ហាព្រំដែន និងជួយបរទេស ក្នុងនោះ រួមមានទាំងអ៊ុយក្រែន ដែលមានតម្លៃ ៦០ពាន់លានដុល្លារ។ បរទេសមួយទៀតនោះ គឺសំដៅប្រទេសអ៊ីស្រាអែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត