លោក ត្រាំ អបអរនឹងការដួលរលំច្បាប់ព្រំដែនរបស់អាមេរិក
វ៉ាស៊ីងតោន ឌីស៊ី៖ លោកអតីតប្រធានាធិបតី និងជាបេក្ខជនត្រៀមប្រជែងម្តងទៀត ដូណាល់ ត្រាំ បានថ្លែងអបអរសាទរចំពោះ «ការដួលរលំច្បាប់ព្រំដែន»។ លោកបានប្តេជ្ញាថា បើជារដ្ឋបាលរបស់លោកវិញ លោកនឹងដាក់ចេញ «ប្រតិបត្តិការនិរទេស»។
លោក Donald Trump បានអបអរបែបនេះ អំឡុងការប្រមូលផ្តុំក្រុមអ្នកគាំទ្រ របស់លោក នៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍។
គេបានដឹងថា សេចក្តីព្រាងកញ្ចប់ថវិកា ២០ពាន់លានដុល្លារអាមេរិក មិនទទួលបានការអនុម័តពីសម័យប្រជុំសភា នាសប្តាហ៍នេះ។ ច្បាប់ផ្តោតលើការដោះស្រាយវិបត្តិជនចំណាកស្រុក នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។ ដោយគេដឹងថា ជនអន្តោប្រវេសន៍ចេះតែបន្តចូលតាមច្រកព្រំដែនប្រទេសមិចស៊ីក ចូលទៅក្នុងទឹដីអាមេរិក បង្កការឈឺក្បាលខ្លាំង ដល់បណ្តារដ្ឋជាប់ព្រំដែន។
លោក Donald Trump ក៏បានប្តេជ្ញាដែរថា ប្រសិនជាលោកជាប់ឆ្នោត ធ្វើជាប្រធានាធិបតីអាមេរិកឡើងវិញ លោកនឹងអនុវត្ត «ប្រតិបត្តិការនិរទេស» ដ៏ធំ នៅថ្ងៃដំបូង នៅសេតវិមាន អនាគតរបស់លោក។
លោក Trump បានប្រកាសប្រាប់ហ្វូងមនុស្សថា «កុំភ្លេចថា សប្តាហ៍នេះ យើងក៏មានជ័យជម្នះដ៏ធំមួយទៀត ដែលគ្រប់អ្នកអភិរក្សទាំងអស់គ្នា គួរតែប្រារព្ធពិធីអបអរ…ក្រុមទាំងមូលបានធ្វើការងារដ៏អស្ចារ្យ នៅក្នុងសភា យើងបានកំទេចវាហើយ»។
ការអបអរជាមួយនឹងបរាជ័យច្បាប់នេះ បានធ្វើឡើង ស្របពេលដែលលោកហាក់ចង់ប្រឆាំងនឹងប្រធានបទក្តៅ អំពីអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ចូ បៃឌិន ខណៈដែលពួកលោកអាចប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខនេះ ម្តងទៀត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត