មេបញ្ជាការសឹករងខេត្តកំពង់ធំ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយខ្នង នៅក្រុងស្ទឹងសែន

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ។

 លោកតា អែម  ឃុន  អាយុ ៦៥ ឆ្នាំ បានបញ្ជាក់ថា ផ្ទះរបស់គាត់មានទំហំ៤ម៉ែត្រគុណនិង៦ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងនិង ដំបូលប្រក់ស្លឹក ត្រូវបាន អគ្គីភ័យ បានឆាបឆេះផ្ទះរបស់គាត់អស់គ្មានសល់ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយសារការឆ្លងចរន្ត អគ្គិសនី ហើយគាត់ជាបុរសពោះ ម៉ាយ មានកូនក្នុងបន្ទុកចំនួន២នាក់  ដោយភរិយារបស់គាត់បានទទួលមរណភាពចោលគាត់កាលពីឆ្នាំ២០១៩ដោយសារជំងឺកូវីដ១៩  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យឆាប់ឆេះនៅពេលនេះ  នឹងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវក្តៅ អគ្គីភ័យ អាចឆេះផ្ទះបងប្អូនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិផ្សេងៗបើយើងមានការធ្វេប្រហែស និងបានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មុនពេលចេញដំណើរទៅក្រៅផ្ទះត្រូវបិទចរន្តអគ្គិសនី ពន្លត់ភ្លើងធូបទាន ឬភ្លើងចង្ក្រានជាមុនសិន  ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភជូនគាត់ នូវអង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួន២កេស  ទឹកត្រី  ទឹកស៊ីអ៊ីវចំនួន២យូរ  សម្ភារៈប្រើប្រាស់មាន ចង្រាន្ត ចាន ឆ្នាំង ស្លាបព្រា កាំបិត ធុងទឹក មុង ភួយ កន្ទេលខ្នើយ ។ ល។ និងថវិកាមួយចំនួនទៀត៕

ដោយៈប៊ុន រដ្ឋា

ads banner