លោក ត្រាំ គំរាមជំរុញទឹកចិត្តដល់រុស្ស៊ី វាយប្រហារសមាជិក «ណាតូ» ណា ដែលមិនចំណាយ

វ៉ាស៊ីងតោន ឌីស៊ី៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យសម្តីវាយប្រហារចំៗ លើសមាជិកនៃសម្ព័ន្ធយោធាអន្តរជាតិ ណាតូ ដែលមិនចង់ចំណាយ ក្នុងការទប់ទល់នឹងរុស្ស៊ីដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន បែរជាទម្លាក់បន្ទុកមកលើសហរដ្ឋអាមេរិក ទៅវិញ។ លោកបានគំរាមថា លោកអាចនឹងលើកទឹកចិត្តឲ្យ មានការវាយប្រហារសមាជិក «ណាតូ» ណាមួយ ដែលមិនហ៊ានចំណាយ លើរឿងនេះ។

ការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតមានឡើង ស្របពេលដែលសមាជិកសភាអាមេរិកកំពុងប្រជុំជជែកពិភាក្សាយ៉ាងតានតឹង អំពីជំនួយថ្មី សម្រាប់អ៊ុយក្រែន។

បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ រូបនេះ បានគំរាមដូច្នេះ នៅក្នុងពេលជួបជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន កាលពីចុងសប្តាហ៍។

លោក ត្រាំ បានអះអាងថា លោកគិតគូរជាយូរមកហើយ ចំពោះរឿងនេះ ដែលកើតមានឡើង ក្នុងសម្ព័ន្ធមិត្តយោធាអន្តរជាតិ ណាតូ។ លោកថា វាមិនយុត្តិធម៌ទេ ដែលអាមេរិកប្តេជ្ញាចិត្តតែឯង ក្នុងការការពារប្រទេសជាសមាជិក ៣០ ផ្សេងទៀត របស់ណាតូ។

លោក ត្រាំ បានលើកទាំងសំណួរ និងចម្លើយ ដែលមានខ្លឹមសារថា បើប្រទេសណាមួយមិនចំណាយ ហើយត្រូវរុស្ស៊ីវាយប្រហារនោះ តើគួរត្រូវបានការពារទេ? លោកថា បើមិនចំណាយទេ គឺមិនអាចទទួលបានការការពារនោះទេ។ លោកថែមទាំងលើកទឹកចិត្តឲ្យមានការវាយប្រហារប្រទេសណា ដែលមិនចំណាយ ទៀតផង។

ការកត់សម្គាល់របស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ បានច្រានចោលច្បាប់ដែលទាក់ទងនឹងជំនួយដល់បរទេស រួមមានទាំង មូលនិធិថ្មី ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនផងដែរ។ ប៉ុន្តែ ច្បាប់នេះត្រូវឆ្លងកាត់ការប្រជុំ ពិភាក្សាបន្តទៀត ក្នុងស្ថាប័ននីតិបញ្ញត្តិ របស់អាមេរិក មុនពេលសម្រេចជាផ្លូវការថា អ៊ុយក្រែនបានជំនួយទាំងនេះ ឬក៏អត់នោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner