អតីតនាយករដ្ឋមន្ត្រី ជាប់ឆ្នោតជាប្រធានាធិបតីប្រទេសហ្វាំឡង់ ចំពេលតានតឹងជាមួយរុស្ស៊ី
ហែលស៊ិនគី៖ លទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក Alexander Stubb ដែលជាអតីតនាយករដ្ឋមន្ត្រី បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃប្រទេសហ្វាំងឡង់។ ហ្វាំងឡង់មានប្រធានាធិបតីថ្មី ស្របពេលដែលសមាជិកសម្ព័ន្ធយោធា ណាតូ មួយនេះកំពុងមិនបញ្ហា ជាមួយប្រទេសរុស្ស៊ី ដែលជាអ្នកជិតខាត ត្បិតអី ហ្វាំងឡង់ ទើបក្លាយជាសមាជិកណាតូ មិនទាន់បានមួយឆ្នាំផង។
ដៃគូប្រកួតប្រជែងស្វិតស្វាញ ដែលជាអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Pekka Haavisto បានប្រកាសទទួលស្គាល់ជ័យជំនេះរបស់លោក Stubb ហើយក៏សូមអបអរសាទរចំពោះប្រធានាធិបតី ទី ១៣ របស់ប្រទេសហ្វាំងឡង់រូបនេះ។ លោក Stubb ដែលបានហៅការឈ្នះនេះថា ជាកិត្តិយសដ៏អស្ចារ្យបំផុត ក្នុងជីវិតរបស់លោក ហើយថា លោកគ្រោងនឹងចូលកាន់តំណែង នៅថ្ងៃទី ១ ខែមីនា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី ត្រូវបានកត់សម្គាល់ថា កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ការណ៍នេះហើយ ដែលជំរុញឱ្យប្រទេសហ្វាំងឡង់ ដែលធ្លាប់តែទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ បែរជាមកចូលរួមជាមួយណាតូ ក្នុងខែមេសា ឆ្នាំ ២០២៣។
លោក Stubb បានប្រកាសនៅក្នុងសុន្ទរកថា ជ័យជំនះទៅកាន់អ្នកគាំទ្រថា «វាពិតជាមិនគួរឱ្យជឿដែលប្រទេសមួយ មានទំហំប៉ុន ហ្វាំងឡង់ អាចមានការបោះឆ្នោតដោយយុត្តិធម៌ និងស្មោះត្រង់ក្នុងបរិបទគោលនយោបាយសន្តិសុខ បែបនេះ»។
គេដឹងដែរថា ប្រធានាធិបតីផុតអាណត្តិ គឺលោក Sauli Niinisto ធ្លាប់មានមោទនភាពចំពោះទំនាក់ទំនងជិតស្និទ្ធរបស់លោក ជាមួយមេដឹកនាំរុស្ស៊ី គឺលោក Vladimir Putin ប៉ុន្តែ ក្រោយមក លោកហ៊ានចេញមុខរិះគន់លោកពូទីន ចំៗ ហើយថែមទាំងហ៊ានឲ្យប្រទេសខ្លួន ក្លាយជាសមាជិកណាតូទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត