ប្រមុខ IMF ព្រមានថា សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងបំផ្លាញសេដ្ឋកិច្ចប៉ាឡេស្ទីន

ឌូបៃ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃអាទិត្យម្សិលមិញ និយាយថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ កំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ច ទាំងតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank យ៉ាងធ្ងន់ធ្ងរ ហើយថា មានតែ “សន្តិភាពយូរអង្វែង” ប៉ុណ្ណោះ ដែលអាចធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចប្រសើរឡើងវិញ។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva ថ្លែងថា ការព្យាករណ៍ពីសេដ្ឋកិច្ចប៉ាឡេស្ទីនកាន់តែអាក្រក់ទៅៗ នៅពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្តកើតឡើង។ លោកស្រី Georgieva បានគូសបញ្ជាក់ថា មានតែដំណោះស្រាយនយោបាយ និងសន្តិភាពយូរអង្វែងប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរស្ថានភាពដ៏តានតឹងនេះបាន។

ប្រមុខ IMF រូបនេះ បានសង្កត់ធ្ងន់ថា តំបន់ឆ្នេរដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម សកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះ ៨០ភាគរយ គិតចាប់ពីខែតុលា ដល់ខែធ្នូ បើធៀបនឹងឆ្នាំមុន។ ចំណែកនៅតំបន់ West Bank វិញ សកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះ ២២ភាគរយ។ លោកស្រីបន្ថែមថា ក្រៅពីទឹកដីប៉ាឡេស្ទីន សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏បានវាយប្រហារលើវិស័យទេសចរណ៍របស់ប្រទេសជិតខាង ដូចជាអេហ្ស៊ីប និងលីបង់ផងដែរ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២៥០នាក់ នៅក្នុងការឈ្លានពានកាលពីថ្ងៃទី០៧ ខែតុលា។ ហើយអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំវិញ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០នាក់ ភាគច្រើនជាស្រ្តី និងកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner