រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលករណីក្មេងស្លាប់ដោយសារក្មេងទំនើងឈ្លោះគ្នា (Video Inside)

រដ្ឋបាលខេត្តកំពង់ស្ពឺ បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និយាយថាករណីក្មេងទំនើងដេញកាប់គ្នា បានបណ្តាលឱ្យមានមនុស្សស្លាប់ នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីឧទ្យានគិរីរម្យ។

ការផ្សាយតាមបណ្តាញសង្គម បានសរសេររិះគន់ថា មានករណីក្មេងទំនើងវាយតប់គ្នា បណ្តាលឱ្យមានមនុស្សស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១កុម្ភៈនោះ។ ប៉ុន្តែរដ្ឋបាលខេត្ត បានបដិសេធក្នុងសេចក្តីជូនដំណឹងថ្ងៃចន្ទ ទី១២ កុម្ភៈថា គ្មានមនុស្សស្លាប់ទេ ក្នុងព្រឹត្តិការណ៍នោះ និងបានបំភ្លឺតបមកវិញថា ហេតុការណ៍ដែលកើតឡើងនោះ គឺដោយសារតែទំនាស់គ្រោះថ្នាក់ចរាចរណ៍។

រដ្ឋបាលខេត្តបានរៀបរាប់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២កន្លះរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើឧទ្យានជាតិគិរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងហេតុការណ៍នោះ មានម៉ូតូ scopy-I ដែលមានគ្នា២នាក់ បានជិះទៅបុកនឹងម៉ូតូម៉ាកឌ្រីមC125 របស់យុវជន២នាក់ បណ្ដាលឲ្យអ្នកជិះម៉ូតូ scopy-I ម្នាក់រងរបួសធ្ងន់។

សេចក្តីរាយការណ៍បន្តថា ខណៈនោះមានបក្ខពួករបស់ក្រុមម៉ូតូឌ្រីម បានមកដល់ជាបន្ថែមទៀតនោះ ពូកគេបានកាន់ដំបងមែកស្រល់ព្រួតគ្នា ដេញវាយបន្ថែមទៅលើភាគីម៉ូតូ scopy-I និងបក្ខពួក និងបានបង្កឱ្យមានភាពអនាធិបតេយ្យកើតឡើង។

សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាវ័ន្ត, ឈ្មោះ គង់ ណាវី និងឈ្មោះ សេង ពន្លឺ។ ក្មេងទំនើងម្នាក់ទៀតឈ្មោះ សេង ដារ៉ា ត្រូវសមត្ថកិច្ចបញ្ជាក់ថា កំពុងរត់គេចខ្លួន។ ចំណែកយុវជនរងគ្រោះធ្ងន់ឈ្មោះ រី សុគន្ធ ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

ads banner