របបសឹកមីយ៉ាន់ម៉ាប្រារព្ធទិវា «សហភាពភូមា» នៅ២ថ្ងៃក្រោយប្រកាសឲ្យយុវជនចូលធ្វើទ័ព
ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានប្រារព្ធទិវា «សហភាពភូមា»
លើកទី៧៧ នៅក្នុងរដ្ឋធានីណៃពិដោ។ ជាការប្រារព្ធ ក្រោយ២ថ្ងៃ ដែលរបបបនេះប្រកាសឲ្យយុវជនចូលបម្រើកងទ័ព ប្រឆាំងនឹងពួកបះបោរ។
ថ្ងៃ១២ ខែកុម្ភៈ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ រំលឹកដល់កិច្ចព្រមព្រៀង រវាងឥស្សរជនឯករាជ្យ គឺលោក Aung San និងក្រុមជនជាតិមួយចំនួន ដើម្បីបង្កើតសហភាពភូមាឯករាជ្យ ពីការគ្រប់គ្រងរបស់អង់គ្លេស។
បន្ទាប់ពីបាត់បង់សមរភូមិ ធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមបះបោរ មួយរយៈចុងក្រោយនេះ ស្រាប់តែ កាលពីចុងសប្តាហ៍ របបសឹកបានប្រកាសអនុវត្ត «ច្បាប់សេវាកម្មយោធា» ដែលជាការអនុញ្ញាតឲ្យយោធាកោះហៅទាំងបុរស ទាំងស្ត្រី ឲ្យចូលបម្រើទ័ព។
ផ្អែកតាមច្បាប់នេះ បុរសត្រូវមានអាយុចន្លោះ ពី១៨ ទៅ៣៥ឆ្នាំ ខណៈដែលនារី មានអាយុ ចាប់ពី១៨ ដល់ ២៧ ឆ្នាំ ដោយត្រូវចូលបម្រើយោធា យ៉ាងតិច ២ឆ្នាំ។
គួររម្លឹកថា របបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដណ្តើមការគ្រប់គ្រងប្រទេស កាលពីឆ្នាំ២០២១។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ក៏បានស្ថិតក្នុងភាពចលាចល ស្របពេលដែលមានការតវ៉ាទ្រង់ទ្រាយធំ ជាមួយនឹងការបង្ក្រាបវិញ យ៉ាងចាស់ដៃ។
យ៉ាងណាមិញ មួយរយៈចុងក្រោយ របបយោធាភ្ញាក់ផ្អើល និងបារម្ភពីការបាត់សមរភូមិ ធ្លាក់លើការគ្រប់គ្រងរបស់ក្រុមបះបោរប្រឆាំងនឹងរបបសឹក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

