ឥណ្ឌូនេស៊ីបារម្ភពីទឹកជំនន់ ប៉ះពាល់ដល់ការបោះឆ្នោតសកល នៅថ្ងៃពុធ
ហ្សាកាតា៖ គិតត្រឹមថ្ងៃចន្ទ មានមនុស្សជាង២ម៉ឺននាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ដោយសារតែបញ្ហាទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។ គ្រោះទឹកជំនន់ដែលធ្វើឲ្យមានការបារម្ភខ្លាំងថា អាចប៉ះពាល់ដល់ដំណើរការបោះឆ្នោត នាថ្ងៃពុធនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា មានផ្ទះរាប់សិបពាន់ខ្នង ក្នុងតំបន់ Demak នៃកោះ ជ្វា (Java) នៃប្រទេសឥណ្ឌូនេស៊ីបានរងផលប៉ះពាល់។
លោក Ahmad Hanafi អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រចាំនៅកោះ ជ្វា បានប្រាប់ថា ដោយសារតែបញ្ហាអាកាសធាតុ ក្នុងរដូវធ្លាក់ភ្លៀងនោះ បណ្តាលឲ្យសន្លឹកឆ្នោតពិបាកបញ្ជូនទៅតំបន់ដាច់ស្រយាល ដូច្នេះ សត្វសេះនឹងត្រូវប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនសម្ភារបម្រើឲ្យការបោះឆ្នោត។
អ្នកនាំពាក្យប្រចាំ នៅក្នុងខេត្ត Lampung នៃកោះស៊ូម៉ាត្រា ឯណោះវិញ ក៏បានប្រាប់ដែរថា សត្វគោនឹងត្រូវប្រើប្រាស់ នៅក្នុងភូមិយ៉ាងហោចណាស់ចំនួន ៤ ដើម្បីអូសសន្លឹកឆ្នោត ឆ្លងកាត់តាមផ្លូវភក់ ទាំងទៅ ទាំងមក។
ចំពោះរដ្ឋធានីហ្សាកាតាវិញ អាជ្ញាធរបារម្ភថា ហានិភ័យនៃទឹកជំនន់មានកម្រិតខ្ពស់ អាចប៉ះពាលដល់ការិយាល័យបោះឆ្នោត ជាង ២០០០ កន្លែង។ អាជ្ញាធររៀបចំការបោះឆ្នោត បានផ្លាស់ប្តូរទីតាំងបោះឆ្នោត ទៅកាន់ទីទួលខ្ពស់ ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ឬ សូម្បីតែទូក ក៏អាចប្រើដែរ។ ពួកគេក៏នឹងរុំសន្លឹកឆ្នោត ដោយប្លាស្ទិក ហើយទូកល្បឿនលឿន នឹងយកសន្លឹកឆ្នោត ចេញពីទីក្រុងហ្សាកាតា ទៅកាន់កោះនានា។
គួរបញ្ជាក់ថា ការបោះឆ្នោតជាតិនៅឥណ្ឌូនេស៊ីត្រូវបានចាត់ទុកជាការបោះឆ្នោត មានរយៈពេល១ថ្ងៃ ដ៏ធំបំផុតមួយ នៅលើពិភពលោក។ អ្នកមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី១៤ ខែកុម្ភៈ មានចំនួនជិត ២០៥លាននាក់ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីផង និងតំណាងរាស្ត្រផង។ ការិយាល័យបោះឆ្នោត មាន៨០ម៉ឺនកន្លែង នៅទូទាំងប្រទេស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត