ចំនួនអ្នកស្លាប់កើនជិត ៧០នាក់ ក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន
ម៉ានីល៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីវាយប្រហារភូមិជីករ៉ែមាសមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បន្តកើនឡើងដល់ ៦៨នាក់ហើយ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលក្រុមអ្នករុករកបានបោះបង់ចោលក្តីសង្ឃឹម ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។
អ្នកជួយសង្គ្រោះរាប់រយនាក់បានប្រើដៃទទេ ប៉ែល និងឧបករណ៍រំកិលថ្មដ៏ធ្ងន់អស់រយៈពេលជិតមួយសប្តាហ៍ ដើម្បីស្វែងរកអ្នកដែលកប់ក្រោមដី នៅពេលដែលការរអិលបាក់ដីកាលពីថ្ងៃអង្គារសប្តាហ៍មុន បានវាយប្រហារសហគមន៍ Masara នៅលើកោះ Mindanao។
សាកសពមនុស្សជាច្រើននាក់ ត្រូវបានទាញចេញពីល្បាប់ភក់ក្នុងថ្ងៃចន្ទនេះ ដោយមនុស្សចំនួន ៥១នាក់នៅតែបាត់ខ្លួន ក្នុងនោះមានកម្មករអណ្តូងរ៉ែ និងអ្នកភូមិ នេះបើយោងតាមតួលេខផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលក្រុង។ ទន្ទឹមគ្នា អាជ្ញាធរបានប្តេជ្ញាបន្តរុករក រហូតទាល់តែអ្នកបាត់ខ្លួនទាំងអស់បានរកឃើញ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើផ្នែកខ្លះនៃកោះ Mindanao អស់រយៈពេលជាច្រើនសប្តាហ៍ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់ បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទៅទីជម្រកសង្គ្រោះបន្ទាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

