ក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota ចាប់ផ្តើមផលិតកម្មក្នុងស្រុកឡើងវិញ
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Daihatsu របស់ប្រទេសជប៉ុន ក្នុងថ្ងៃចន្ទនេះ ចាប់ផ្តើមបន្តផ្នែកផលិតកម្មក្នុងស្រុករបស់ខ្លួនឡើងវិញ ពោលគឺជាងមួយខែបន្ទាប់ពីផ្អាកប្រតិបត្តិការក្នុងរោងចក្រទាំងអស់ ជុំវិញរឿងអាស្រូវការធ្វើតេស្តសុវត្ថិភាព។
អ្នកនាំពាក្យក្រុមហ៊ុន Daihatsu និយាយថា រោងចក្រ Daihatsu ដែលគ្រប់គ្រងដោយក្រុមហ៊ុនតូយ៉ូតានៅទីក្រុងក្យូតូ បានចាប់ផ្តើមបន្តការផលិតរថយន្ត Probox van និងរថយន្តម៉ាក Mazda-brand Familia van ឡើងវិញ។ ក្រុមហ៊ុននេះនឹងបន្តការផលិតរថយន្ត ១០ម៉ូដែលផ្សេងទៀត នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បន្ទាប់ពីក្រសួងដឹកជញ្ជូនជប៉ុនបញ្ជាក់ថា ពួកគេបានគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព។
គួរបញ្ជាក់ថា ក្រុមហ៊ុន Daihatsu បានទទួលស្គាល់កាលពីខែមេសាថា ខ្លួនបានក្លែងបន្លំលទ្ធផលនៃការធ្វើតេស្តសុវត្ថិភាព សម្រាប់រថយន្តចំនួន ៤ម៉ូដែលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងរថយន្តសរុបចំនួន ៨៨,០០០គ្រឿង ដែលផលិតនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។
រីឯកាលពីខែឧសភា ក្រុមហ៊ុន Daihatsu ក៏បានបញ្ឈប់ការផលិតរថយន្តម៉ូដែលកូនកាត់ (Hybrid) ចំនួនពីរនៅក្នុងប្រទេសជប៉ុនផងដែរ ដោយសារតែ “ភាពមិនប្រក្រតី” ស្រដៀងគ្នានេះ រួមទាំងរថយន្ត Toyota Raize SUV។
ដោយបង្កើតឡើងក្នុងឆ្នាំ១៩០៧ ក្រុមហ៊ុន Daihatsu ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន បានចាប់ផ្តើមផលិតរថយន្តកង់បីដំបូងបំផុតរបស់ខ្លួននៅឆ្នាំ១៩៣១ មុនពេលត្រូវបានក្រុមហ៊ុន Toyota ទិញយកទៅគ្រប់គ្រងនៅឆ្នាំ១៩៦៧៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា