រុស្ស៊ីនាំចេញទៅអឺរ៉ុបធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២៣
មូស្គូ៖ ទីភ្នាក់ងារគយរបស់រុស្ស៊ី ក្នុងថ្ងៃចន្ទនេះ និយាយថា ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះជាងពីរភាគបីក្នុងឆ្នាំ ២០២៣ ដោយសារសហភាពអឺរ៉ុបកាត់បន្ថយខ្លាំង លើការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី។
ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៦៨ភាគរយក្នុងឆ្នាំ ២០២៣ មានត្រឹមទឹកប្រាក់ ៨៤.៩ពាន់លានដុល្លារ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់សម្តីរបស់ទីភ្នាក់ងារគយសហព័ន្ធរុស្ស៊ី។ ចំណែកការនាំចេញរបស់រុស្ស៊ីទៅកាន់តំបន់អាស៊ី ជំនួសសហភាពអឺរ៉ុបដែលជាអតិថិជនថាមពលដ៏ធំរបស់ខ្លួន កើនឡើង ៥.៦ភាគរយ មានទឹកប្រាក់ ៣០៦.៦ពាន់លានដុល្លារ។
បើតាមសារព័ត៌មាន Interfax ការនាំចូលរបស់រុស្ស៊ីពីអឺរ៉ុបក៏បានធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ ដោយបានធ្លាក់ចុះ ១២.៣ភាគរយ មានទឹកប្រាក់ប្រហែល ៧៨.៥ពាន់លានដុល្លារ ខណៈដែលតម្លៃទំនិញដែលបានទិញពីតំបន់អាស៊ី បានបន្តកើនឡើង ២៩.២ភាគរយ មានទឹកប្រាក់ប្រហែល ១៨៧.៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ការនាំចេញថាមពល គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិការបស់រុស្ស៊ី ដែលនាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ខែ។ ប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុប បានបញ្ឈប់ការទិញថាមពលរបស់ពួកគេភាគច្រើនពីប្រទេសរុស្ស៊ី ក្នុងគោលបំណងដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា