វិស័យឧស្សាហកម្ម និងសេវាកម្ម នឹងមានតម្រូវការទីផ្សារការងារខ្ពស់
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នឹងមានកំណើនការងារខ្ពស់។ ជាក់ស្តែងនៅឆ្នាំ ២០២៥- ២០២៦ខាងមុខនេះ កម្ពុជាអាចនឹងបង្កើតការងារបន្ថែមក្នុងវិស័យនេះចំនួន ២៣៥,០០០នាក់ក្នុងមួយឆ្នាំ។ ចំនួននេះនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ ១០,២លាននាក់នៅត្រឹមឆ្នាំ២០២៦។
ក្រសួងការងារ បានកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារ ត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧ភាគរយ។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦ម៉ឺន៧ពាន់នាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤ភាគរយ។
និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្ម និងអាជីវកម្ម។ ជាក់ស្តែង វិស័យឧស្សាហកម្ម បានកើនឡើងពី ២៦,៥ភាគរយ នៅឆ្នាំ២០១៨ រហូតដល់ ៣១,៤ភាគរយ នៅឆ្នាំ២០២៥។ រីឯវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨ភាគរយ ដល់ជាង ៤១ភាគរយ។
ផ្ទុយពីវិស័យឧស្សាហកម្ម និងសេវាកម្ម វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា ចំនួនការងារនឹងថយចុះប្រមាណ ៩៨,០០០នាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាថយចុះការងារ ៣,៥ភាគរយក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា អនុវិស័យដែលមានអត្រាកំណើនការងារលឿន និងចំនួនការងារបង្កើតបន្ថែមថ្មីៗច្រើនក្នុងមួយឆ្នាំមាន៖ ភោជនីយដ្ឋាន និងសណ្ឋាគារ, សំណង់ និងឧស្សាហកម្មផ្សេងទៀត។ ដោយឡែក អនុវិស័យផ្សេងទៀត ដែលផ្តល់ឱកាសការងារច្រើនជាង ២ម៉ឺននាក់ក្នុងមួយឆ្នាំ រួមមាន ៖ ការលក់ដុំ និងរាយ, វិស័យកាត់ដេរ, ការដឹកជញ្ជូន និងគមនាគមន៍ និងសេវាកម្មផ្សេងទៀត។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញលើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ៕
ដោយ៖សែន ដាវិត
រូបថតៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

