កោះបាលីផ្តើមយកពន្ធ ១០ដុល្លារ ពីភ្ញៀវទេសចរម្នាក់

ហ្សាការតា ៖ មន្ត្រីនិយាយថា រមណីយដ្ឋានកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមយកពន្ធចំនួន ១៥០,០០០រូពី ឬប្រមាណ ១០ដុល្លារ លើការមកដល់របស់ភ្ញៀវទេសចរ នៅក្នុងថ្ងៃពុធម្សិលមិញ ដើម្បីការពារធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដែលមាននៅលើកោះនេះ។

អភិបាលស្តីទីរបស់កោះបាលី លោក Sang Made Mahendra Jaya ថ្លែងថា ការយកពន្ធពីអ្នកទេសចរមកកាន់កោះបាលី នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ ដោយភ្ញៀវទេសចរទាំងអស់ តម្រូវឱ្យបង់ពន្ធតាមរយៈគេហទំព័រអនឡាញឈ្មោះ “Love Bali”។លោកអភិបាលស្តីទីបន្ថែមថា ការយកពន្ធនេះ គឺស្ថិតក្នុងគោលបំណងការពារវប្បធម៌ និងបរិស្ថានរបស់កោះបាលី។

ប៉ុន្តែការយកពន្ធនេះ នឹងមិនតម្រូវឱ្យភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកបង់នោះទេ។ តាមរយៈពន្ធថ្មីនេះទៀតសោត ឥណ្ឌូនេស៊ីបញ្ជាក់ថា នឹងមិនរំខានដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឡើយ ដោយសារជនបរទេសបានធ្វើការដើម្បីបរិស្ថាន និងទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កោះបាលីកាលពីពេលកន្លងមករួចហើយ។

សូមជម្រាបថា កោះបាលី គឺជាកោះល្បីល្បាញមួយប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលរកចំណូលពីភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញថា អ្នកទេសចរជិត ៤.៨លាននាក់បានមកលេងកម្សាន្តកោះបាលី ក្នុងចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner