សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ ព្រោះបើមានឱកាសដូចគ្នា នោះខួរក្បាលមិនអន់ជាងគ្នាទេ
ភ្នំពេញ៖ អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ខួរក្បាលមិនអន់ជាងគ្នាទេ។ ហើយកូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិទាំងមូលក្នុងការទទួលបានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ។
សម្តេច ថា សមិទ្ធផល កើតឡើងមិនមែនជាការកើតឡើងដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង។ សម្តេចធិបតី ថ្លែងបន្តថា ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្ពុជា ប្រកាន់របបទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែងស្មើភាព ដូច្នេះដើម្បីប្រកួតប្រជែងបានត្រូវការធនធានមនុស្ស និងចំណេះដឹង ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង និងបង្កើនភាពម្ចាស់ការ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជា ធ្លាប់ជួបសង្រ្គាម បាត់បង់ធនធានមនុស្ស តែបច្ចុប្បន្នធនធានមនុស្សមានកាន់តែច្រើន បង្កើតការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវឌ្ឍកម្មឌីជីថល។ គ្រឹះស្ថានឧត្តមសិក្សា ក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងយុគសម័យថ្មីនេះផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ


