ព្រឹត្តិការណ៍កីឡាឱ្យមានបទដ្ឋានត្រឹមស្តង់ដារចាំបាច់សំខាន់ត្រូវមានមន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែង ក្នុងឱកាសបិទបញ្ចប់ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នាល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញ ចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើក ឡើងថា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយឱ្យមានបទដ្ឋានត្រឹមត្រូវ គឺសំខាន់ត្រូវមាន មន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់។ ពោលជារួម គឺត្រូវមានអ្នកចេះដឹងខាងផ្នែក កីឡា ទើបប្រទេសជាតិមួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដារបស់ គណៈ កម្មា ធិការអូឡាំពិកអន្តរជាតិ។ ដូច្នេះការអភិវឌ្ឍវិស័យកីឡាត្រូវការចាំបាច់ នូវការ បណ្តុះ បណ្តាលមន្ត្រី ដោយមិនសំខាន់តែទៅលើការបណ្តុះបណ្តាលកីឡាករ កីឡាការិនីប៉ុណ្ណោះទេ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាស្រ្តណែនាំឱ្យសិក្ខាកាម ទាំងអស់ក្រោយបញ្ចប់វគ្គសិក្សានេះទៅត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ ឆ្នាំ២០២៩ ហើយនៅឆ្នាំនោះយើងនឹង មាន មន្ត្រីកីឡាច្រើនដែរ ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវបានការ វគ្គបណ្តុះបណ្តាលជាច្រើនទៀត។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុង រៀបចំទៅអង្គការសាមគ្គីអូឡាំពិក (Advanced Sports Management Courses) ដែលវគ្គកម្រិតសម្រាប់ផែនការបណ្តុះបណ្តាល ដើម្បីរៀបចំវគ្គ សិក្សា គ្រប់គ្រងកីឡាកម្រិតខ្ពស់សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំស្ថាប័នកីឡា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និង ថ្នាក់ដឹកនាំស្ថាប័នកីឡាបានពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក ។

គួរបញ្ជាក់ថា សិក្ខាកាមចូលរួមវគ្គសិក្សានេះជាមន្ត្រីស្ម័គ្ររបស់ គណៈកម្មាធិការ ជាតិ អូឡាំ ពិក កម្ពុជា សរុបចំនួន៧០នាក់ ។ វគ្គសិក្សានេះក្រោមគម្រោងសាមគ្គី អូឡាំ ពិក មាន ៣កម្រិត រួមមាន គឺវគ្គរដ្ឋបាលកីឡា (Sports Administrators Courses) វគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ (Advanced Sports Management Courses) និងអនុបណ្ឌិតប្រតិបត្តិក្នុងការគ្រប់គ្រងអង្គការកីឡា (Executive Masters in Sport Organisations Management-MEMOS) ៕

អត្ថបទ ៖ ជាវ ចន្ធូ
រូបភាព ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner