សាកលវិទ្យាល័យថៃល្បីៗ២៨ និងក្រុមហ៊ុនថៃនាំមុខគេ ២២មកចូលរួម “ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” ដើម្បីទាក់ទាញនិស្សិត និងអ្នកស្វែងរកការងារកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាស“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” យ៉ាងហោចណាស់មានសាកលវិទ្យាល័យចំនួន ២៨ ដែលល្បីៗនៅប្រទេសថៃ និងក្រុមហ៊ុននាំមុខគេចំនួន ២២ផ្សេងទៀតបានកំពុងទាក់ទាញដល់សិស្ស និស្សិត ដែលកំពុងស្វែងរកការសិក្សានៅក្រៅប្រទេស ក៏ដូចជាអ្នកស្វែងរកការងាររបស់កម្ពុជាទៅធ្វើការនៅក្រុមហ៊ុនធំៗនៅប្រទេសថៃផងដែរ ។
គួរបញ្ជាក់ថា“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailandដែលបាន ចាប់ផ្តើមពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីល្ងាច នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ពិធីនេះត្រូវបានរៀបចំឡើងដោយមានសាកលវិទ្យាល័យល្បី និងរួមក្រុមហ៊ុនាំមុខគេពីប្រទេសថៃដើម្បីផ្តល់ សិស្ស និស្សិតកម្ពុជា ដែលកំពុងស្វែងរកឱកាស សម្រាប់ការសិក្សានៅប្រទេសថៃ។ ក្រៅពីនេះសម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសថៃក៏អាចមានឱកាសនាពេលនេះបានដូចគ្នា។
លោក ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងប្រាប់ផងថា ពិព័រណ៍ការសិក្សា និងការងារថៃ ឆ្នាំ២០២៤ នឹងពង្រឹងទំនាក់ទំនង កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀតពិសេសនោះ តាមរយៈវិស័យអប់រំ និងឱកាសការងារ។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែប្រាប់ដែរថា”ក្នុងមួយឆ្នាំៗប្រទេសថៃបានផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១០០នាក់ ហើយឆ្នាំនេះមានចំនួន ៨០នាក់ផងដែរ និងពេលនេះនឹងមានស្ថាប័នសាកលវិទ្យាល័យមួយចំនួនទៀតកំពុងប្រកាសទទួលអាហាររូបករណ៍ពីប្រទេសកម្ពុជាជាបន្តបន្ទាប់”។
លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាវេទិការ“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤”នឹងជួយដល់សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្រៅប្រទេសមានភាពងាយស្រួលឡើង។ពួកគេអាចនឹងទទួលជោគជ័យក្នុងការស្វែងរកការសិក្សាក្រៅប្រទេសពិសេសប្រទេសថៃនិងសម្រាប់អ្នកស្វែងរកការងារក៏នឹងទទួលជោគជ័យក្នុងវេទិការមួយនេះដូចគ្នា ។
រដ្ឋលេខាធិការក្រសួងការងារបានថ្លែងបន្ថែមថាដោយសារសេដ្ឋកិច្ចនៅចុងឆ្នាំ២០២៣នេះងើបប្រសើរឡើងវិញធ្វើឱ្យប្រទេសថៃទទួលពលករបរទេសធ្វើការក្នុងប្រទេសខ្លួនច្រើនឡើងក្នុងនេះពលករកម្ពុជាគេសង្ឃឹមថានឹងទទួលបានឱកាសការងារទៅធ្វើការនៅប្រទេសមួយនេះច្រើនឡើងផងដែរ ៕
អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ លោក វ៉េង លឹម ហ៊ួត







