លោក ពូទីន ហៅការដណ្តើមកាន់កាប់ទាំងស្រុងលើទីក្រុង Avdiivka របស់អ៊ុយក្រែន ជា “ជ័យជម្នះដ៏សំខាន់”
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានសាទរចំពោះការដណ្តើមកាន់កាប់ទាំងស្រុងលើទីក្រុង Avdiivka ភាគខាងកើតប្រទេសអ៊ុយក្រែន របស់កងទ័ពរុស្ស៊ីថា ជា “ជ័យជម្នះដ៏សំខាន់”។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា លោកប្រធានាធិបតី ពូទីន បានអបអរសាទរដល់យោធា និងយុទ្ធជនរបស់រុស្ស៊ី ចំពោះជ័យជម្នះដ៏សំខាន់នេះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានរាយការណ៍ទៅ លោក ពូទីន ផងដែរ អំពីការវាយយកបានទីក្រុង Avdeyevka មកគ្រប់គ្រងទាំងស្រុង។
ការដណ្តើមបានទីក្រុង Avdiivka គឺជាការទទួលបានទឹកដីដ៏សំខាន់បំផុតសម្រាប់កងកម្លាំងរុស្ស៊ី។ ពាក់ព័ន្ធនឹងការបរាជ័យនៅសមរភូមិ Avdeyevka ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្តីបន្ទោសលើការយឺតយ៉ាវ ក្នុងការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច។
ហើយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅថ្ងៃសៅរ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា កង្វះមីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំកំពុងកំណត់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ហើយលោកក៏បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចជួយអ៊ុយក្រែ ដើម្បីយកឈ្នះរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ការវាយដណ្តើមកាន់កាប់បានទីក្រុង Avdiivka របស់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី នឹងក្លាយជានិមិត្តរូបមួយនៃជ័យជម្នះសម្រាប់ទីក្រុងមូស្គូ នៅមុនខួបនៃការផ្ទុះសង្រ្គាមអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ក៏ដូចជានឹងក្លាយជាការដណ្ដើមបានទឹកដីដ៏សំខាន់មួយ ចាប់តាំងពីកងកម្លាំងរុស្ស៉ីដណ្ដើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




