កាណាដាផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារ ដល់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលគ្មានគ្រាប់មីន (Video Inside)

កាណាដា បានផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារ គាំទ្រដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ការប្រកាសជំនួយនេះ បានធ្វើឡើងដោយលោក Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសពាណិជ្ជកម្ម និងអភិវឌ្ឍន៍ របស់ប្រទេសកាណាដា ក្នុងពេលជួបជាមួយទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

លោក Alan Bowman បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។

កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជានៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែមុននឹងឆ្នាំនៃចក្ខុវិស័យនោះឈានមកដល់, កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅដើម្បីការគ្មានគ្រាប់មីនរបស់ពិភពលោក ក្នុងនោះរួមមាន កិច្ចប្រជុំនៅតាមបណ្តាប្រទេសនានា លើសកលលោក និងចុងក្រោយ គឺកិច្ចប្រជុំដ៏ធំបង្អស់មួយទៀត នៅក្នុងខែវិច្ឆិកា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការចូលរួមពីបណ្តាប្រទេសជាង ១៦០ មកពីសកលលោក។

លោក លី ធុជ ដែលជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែល «បានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា និងផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តទៅ នៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

ads banner