សម្តេចធិបតីជំរុញដំណើរទៅមុខ នៃប្រព័ន្ធ SME (Video Inside)
សម្តេចធិបតីបានលើកឡើងនូវគោលដៅធំៗ របស់ជាតិ និងដំណើរឆ្ពោះទៅសម្រេចគោលដៅ តាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន», សម្តេចធិបតីបានប្រាប់អ្នកចូលរួមថា គោលដៅរបស់រាជរដ្ឋាភិបាល គឺការជម្រុញសេដ្ឋកិច្ចប្រកបដោយចិរភាព និងភាពធន់និងការបង្កើតការងារឱ្យបានច្រើន ហើយមីក្រូសហគ្រាសធុនតូចនិងមធ្យម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច។
សម្តេចបានថ្លែងការដាក់ចេញនូវផែនការនៅក្នុងការបង្កើតការងារ ត្រូវធ្វើយ៉ាងណាឱ្យមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។ សម្តេចបានថ្លែងថាគ្រឹះ នៃសេដ្ឋកិច្ច គឺវិស័យឯកជនត្រូវរឹងមាំ និងវិស័យឯកជនរឹងមាំ ត្រូវពិនិត្យមើលលើក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមSME និងត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះមានដំណើររបស់វាទៅមុខ។
សង្គ្រាមជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេស នៃបាតតារាងរបស់សកលលោក។ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដនាចុងឆ្នាំ១៩៩៨ និងកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯងបន្តិចម្តងៗ ក្នុងការនាំប្រទេសចេញពីភាពងងឹត នៃអ្វីដែលកម្ពុជាមិនធ្លាប់បានធ្វើសោះកាលពីមុន ក្លាយជាកម្ពុជា ដែលអាចធ្វើកិច្ចការបានជាច្រើនដោយខ្មែរខ្លួនឯងអាចធ្វើបាន។
សម្តេចធិបតីបានថ្លែងបង្ហាញការជឿជាក់ថា នាអនាគតកម្ពុជានឹងអាចធ្វើកិច្ចការខ្ពស់នានាបានទាំងអស់ តាមរយៈការពង្រឹងមូលដ្ឋាន នៃការបង្កើនចំណេះដឹងដោយខ្លួនឯង។