អង្គការសុខភាពពិភពលោក (WHO) ហៅតំបន់ហ្គាហ្សាជា “តំបន់មរណៈ”
ហ្ស៊ឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក្នុងថ្ងៃពុធនេះ និយាយថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប គឺអមនុស្សធម៌ ហើយបានហៅទឹកដីប៉ាឡេស្ទីននេះថា ជា “តំបន់មរណៈ”។
លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា ស្ថានភាពសុខាភិបាល និងមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺអមនុស្សធម៌ ហើយបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ ឥឡូវនេះ ហ្គាហ្សាបានក្លាយជាតំបន់មរណៈ។ ទឹកដីភាគច្រើននៅទីនោះត្រូវបានបំផ្លាញ។ លោក Tedros បន្ថែមថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានផ្ទុះឡើងយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ពីក្រោម១ភាគរយទៅច្រើនជាង ១៥ភាគរយនៅក្នុងតំបន់មួយចំនួន។
តួលេខនេះនឹងកើនឡើងបន្ថែមទៀត បើសិនសង្រ្គាមនៅតែបន្តអូសបន្លាយ ហើយការផ្គត់ផ្គង់ជំនួយត្រូវរងការរំខាន។ ទន្ទឹមគ្នា លោក Tedros បានអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយទាមទារឱ្យបើកចំហរសម្រាប់ជំនួយអន្តរជាតិ។
ការអត្ថាធិប្បាយរបស់ប្រមុខអង្គការសុខភាពពិភពលោករូបនេះធ្វើឡើង ស្របពេលដែលមានកិច្ចពិភាក្សាថ្មីទៀតនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងគោលបំណងទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


