ប្រេស៊ីលរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ប្រាស៊ីលីយ៉ា៖ ប្រទេសប្រេស៊ីល ក្នុងថ្ងៃពុធនេះ បានរិះគន់ការអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន ស្របពេលមានការបែកបាក់កាន់តែស៊ីជម្រៅរបស់សហគមន៍អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានថ្លែងនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 មានរយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅក្នុងទីក្រុង Rio de Janeiro ថា ស្ថាប័នពហុភាគីមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅពេលបច្ចុប្បន្ននេះទេ។

លោក Vieira បានសង្កត់ធ្ងន់ថា វាជារឿងមិនអាចទទួលយកបាននោះទេ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អសមត្ថភាពដោះស្រាយជម្លោះកំពុងកើតមាន ជាពិសេសសង្គ្រាមនៅហ្គាហ្សា និងអ៊ុយក្រែន។ ប្រេស៊ីលក្នុងឆ្នាំ២០២៤នេះ គឺជាប្រធានប្ដូរវេនរបស់ក្រុមប្រទេស G20 ដោយបានទទួលយកតំណែងនេះពីប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំមុន។

ការរិះគន់របស់ប្រមុខការទូតប្រេស៊ីលនាពេលនេះ កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបរាជ័យ ក្នុងការចាត់វិធានការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែការប្រើអំណាចវេតូរបស់រុស្ស៊ី។

ចំណែកការឆ្លើយតបចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ក៏ក្រុមប្រឹក្សាសន្តិសុខមិនអាចឈានដល់ដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ផងដែរ ដោយសារតែការវេតូរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner