សហរដ្ឋអាមេរិកវាយលុកបន្ថែមទៀតលើទីតាំងមីស៊ីលក្រុមហ៊ូទី

វ៉ាស៊ីនតោន៖ យោធាអាមេរិកនិយាយថា ក្នុងថ្ងៃពុធនេះ កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារស្វ័យការពារ បំផ្លាញមីស៊ីលរបស់ក្រុមហ៊ូទី និងទីតាំងបាញ់គ្រាប់មីស៊ីល គ្រប់គ្រងដោយពួកឧទ្ទាមនៅប្រទេសយេម៉ែន ដែលបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម និងកងកម្លាំងជើងទឹកនៅសមុទ្រក្រហម។

ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ថា (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មុនពេលព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ កងកម្លាំងខ្លួនបានបើកការវាយប្រហារស្វ័យការពារចំនួន៤លើក កម្ទេចមីស៊ីលគ្រូសប្រឆាំងនាវារបស់ក្រុមហ៊ូទីចំនួន៧គ្រាប់ និងទីតាំងបាញ់គ្រាប់មីស៊ីលបាលិស្ទីគប្រឆាំងនាវា រួមទាំងប្រព័ន្ធបញ្ជាយន្តហោះគ្មានមនុស្សបើក (UAS) ដែលត្រៀមរៀបចំដើម្បីបាញ់ឆ្ពោះទៅកាន់សមុទ្រក្រហម។

ដោយឡែក នៅថ្ងៃអង្គារសប្តាហ៍នេះ មន្ទីរបញ្ចកោណក៏បានទទួលស្គាល់ដែរថា យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន បន្ទាប់ពីក្រុមហ៊ូទីប្រើមីស៊ីលបាញ់ទម្លាក់។

គិតមកទល់ពេលនេះ ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក និងគ្រប់គ្រងភាគច្រើននៃទឹកដីប្រទេសយេម៉ែនដែលហែកហួរដោយសង្រ្គាម កំពុងបង្កើនការវាយប្រហារផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ ចាប់តាំងពីខែវិច្ឆិកា នៅក្នុងយុទ្ធនាការដែលពួកគេនិយាយថា មានសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ការវាយប្រហារនៅសមុទ្រក្រហមរបស់ក្រុមឧទ្ទាមនេះ បានដំឡើងថ្លៃធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដោយបង្ខំឱ្យក្រុមហ៊ុនជាច្រើនគេចចេញពីសមុទ្រក្រហម ដែលជាផ្លូវទឹកដ៏សំខាន់ ហើយជាធម្មតា រ៉ាប់រងការដឹកជញ្ជូនប្រហែល ១២ភាគរយ នៃការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner