រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅ កម្ពុជា

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបខរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គណៈកម្មការគ្រប់គ្រងល្បែង-ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅ កម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគឺ៖ (១) បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិ យោបល់រវាង គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង, (២) បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គលេខាធិ ការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិត អនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក., និង (៣) លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាចំពោះសង្គមជាតិ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១ អគ្គលេខាធិការដ្ឋាន គ.ល.ក. ត្រូវចាត់មន្ត្រីជំនាញ បង្កើនការចុះត្រួតពិនិត្យតាមដានដល់ទីតាំងប្រតិបត្តិការល្បែងផ្សងសំណាង ដើម្បីធានាដល់ការអនុវត្តឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក និងរាល់លក្ខខណ្ឌនៃអាជ្ញាប័ណ្ណ រួមទាំងការដាក់តាំងបង្ហាញជាសាធារណៈនៃអាជ្ញាប័ណ្ណ និងឯកសារតម្រូវផ្សេងៗ ដែលចេញដោយ គ.ល.ក ហើយត្រូវធ្វើរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាងនេះជូនប្រធាន គ.ល.ក ពិនិត្យណែនាំ តាមជាក់ស្ដែង ដែលនេះក៏ផ្ដល់ភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន ក្នុងការត្រួតពិនិត្យតាមដាន ពីព្រោះកន្លងមក ដោយសារខ្វះការកំណត់នេះ ទើបមានការលួចលាក់ ទៅកូពីអាជ្ញាប័ណ្ណរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយមក ដែលជាអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមេ ឬក៏អាជ្ញាប័ណ្ណសាខាអនុញ្ញាតឱ្យនៅទីតាំងណានោះ យកមកបង្ហាញអាជ្ញាធរមានសមត្ថកិច្ចថា នេះជាអាជ្ញាប័ណ្ណរបស់ គ.ល.ក ហើយធ្វើប្រតិបត្តិការល្បែងផ្សងសំណាងជាច្រើនប្រភេទដែលអាជ្ញាធរក្នុងមូលដ្ឋាន ជាអ្នកជួយតាមដានត្រួតពិនិត្យ មិនអាចដឹងបានថា អាហ្នឹងត្រូវច្បាប់ដែល គ.ល.ក អនុញ្ញាត ឬមិនអនុញ្ញាត ។ ទី២ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ត្រូវពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន គ.ល.ក ដើម្បីចាត់វិធានការបង្ក្រាបរាល់ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាង ដែលមិនមានអាជ្ញាប័ណ្ណ និង លិខិតអនុញ្ញាតពី គ.ល.ក នៅតាមមូលដ្ឋានភូមិឃុំសង្កាត់របស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ សាកសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕

អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner