លោក Zelensky ជំរុញឱ្យសភាអាមេរិកអនុម័តជំនួយថ្មីដល់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យសភាអាមេរិកអនុម័តជំនួយបន្ថែម សម្រាប់ទីក្រុង Kyiv ដោយបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការបរាជ័យក្នុងការអនុម័តនេះ នឹងធ្វើឱ្យប្រជាជនអ៊ុយក្រែន បាត់បង់ជីវិត។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្ត របស់អាមេរិកបានផ្អាកការអនុម័ត កញ្ចប់៦០ពាន់លានដុល្លារ ដែលជាជំនួយថ្មីសម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Fox News ដែលជាបណ្តាញព័ត៌មានជាទីពេញចិត្តសម្រាប់ពួកអភិរក្សនិយមអាមេរិកនោះ លោក Zelensky ត្រូវបានចោទសួរសំណួរថា « តើអ៊ុយក្រែននឹងអាចរស់បាន ដោយគ្មានការគាំទ្រពីអាមេរិកទេ?»។ មេដឹកនាំអ៊ុយក្រែនរូបនេះបានឆ្លើយច្បាស់ៗថា «ពិតប្រាកដណាស់ ប៉ុន្តែ ការមិនអាចរស់បាននេះ មិនមែនមានតែយើងទាំងអស់គ្នាទេ» ដោយលោកព្រមានថា តម្លៃនៃការជួយទីក្រុង Kyiv នាពេលនេះ គឺទាបជាងតម្លៃសក្តានុពលនៃការប្រឈមមុខជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅពេលក្រោយ ប្រសិនបើលោកទទួលបានជោគជ័យ នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប ២ឆ្នាំគត់នៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារ ដល់អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះ អាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ទីក្រុង Kyiv។ ប៉ុន្តែមូលនិធិដែលមានស្រាប់ បានរីងស្ងួត ហើយបណ្តាសមាជិកសភាអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី Donald Trump បាននិងកំពុងផ្អាកជំនួយថ្មីនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner