អាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ក្នុងខួប២ឆ្នាំ នៃសង្គ្រាម
ក្រសួងរតនាគាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មលើគោលដៅជាង ៥០០ ដែលពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយនឹងត្រូវប្រកាស នៅថ្ងៃស្អែក ជាថ្ងៃគម្រប់ខួប ២ឆ្នាំគត់ នៃការលុកលុយរបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងរតនាគារបានប្រាប់ AFP ថា ទណ្ឌកម្មថ្មីៗនេះ នឹងត្រូវដាក់ចេញពីទាំងក្រសួងរតនាគារ និងក្រសួងការបរទេស។ គេថា ទណ្ឌកម្មដែលផ្តោតដាក់គំនាបដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងកាន់តែធ្ងន់ធ្ងរ ទូទាត់នឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មជាច្រើន ដោយផ្តោតលើប្រភពចំណូលរបស់ទីក្រុងម៉ូស្គូ និងបណ្តុំឧស្សាហកម្មយោធា។ ការណ៍នេះកាត់បន្ថយប្រាក់ចំណូលរបស់ក្រុងម៉ូស្គូ ពីការនាំចេញប្រេង និងផលិតផលប្រេង ក្នុងនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានព្យាយាមកាត់ផ្តាច់ ការលក់ប្រេងរបស់រុស្ស៊ី ទៅទីផ្សារសំខាន់ៗ ហើយដើម្បីធានាការផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក ក្រុមសេដ្ឋកិច្ចឈានមុខគេទាំងប្រាំពីរ រួមនឹង សហភាពអឺរ៉ុប និងអូស្ត្រាលីបានរួមគ្នា កំណត់តម្លៃប្រេងឆៅរុស្ស៊ី ជាដើម។
ទណ្ឌកម្មប្រឆាំងលោកពូទីន ថ្មី ចំថ្ងៃខួបសង្គ្រាម២ឆ្នាំ ដែលត្រៀមប្រកាសនេះ បានកើតឡើង បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង នៅប្រទេសរុស្ស៊ី លោក Alexei Navalny បានស្លាប់ ក្នុងពន្ធនាគារ កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ ៥០០គោលដៅ ដែលត្រៀមរងទណ្ឌកម្មរបស់អាមេរិកនេះ មិនទាន់ត្រូវបានបង្ហាញលម្អិត នៅឡើយទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕ ប្រភពពី AFP ដោយ៖ សារ៉ាត