សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា កាលពីអតីតកាល យើងបានត្រឹមតែមើលទូរទស្សន៍ ហើយយើងក៏មិនមានឱកាសក្នុងការចូលរួមប្រកួតជាមួយគេផង កុំថាឡើយការទទួលបានមេដាយ។ ប៉ុន្តែពេលនេះ គឺកម្ពុជាយើង បានចូលរួមប្រកួតនៅក្រៅប្រទេស ហើយទទួលលទ្ធផលល្អប្រសើរ ដែលចំណុចនេះហើយគឺបានមកពីផ្លែផ្កានៃសុខសន្តិភាព ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ ។

សម្តេចធិបតី បានថ្លែងបន្តថា ឧត្តមប្រយោជន៍ជាតិដ៏ធំ គឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋ បង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ ពង្រឹង សាមគ្គីភាព និងមិត្តភាព ដែលនេះរួមចំណែកយ៉ាងសកម្ម ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា ។

វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ជាការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ជាំងអំពីរិតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់ ហើយវិស័យកីឡា បានផ្ដល់ឱកាសល្អក្នុងការផ្លាស់ប្ដូលើវិស័យជាច្រើន ទាំងបច្ចេកទេស នៃការរៀបចំ និងបទពិសោធន៍នៅក្នុងការប្រកួតដែលជាមរតកវប្បធម៌ ទំនៀមទំលាប់ និងជាសិល្បៈការពារខ្លួនតាមបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ ។

ការចូលរួមប្រកួតកីឡាក្នុងកម្រិតអន្តរជាតិ ជួយលើកកម្ពស់កិត្តស័ព្ទកីឡារបស់ ប្រទេសស មាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើឱ្យទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួម លើឆាកអន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner