បារាំងដាក់ចេញវិធានការថ្មី ជួយអ៊ុយក្រែន ប្រឆាំងរុស្ស៊ី
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានប្រកាស អំពីជំហានថ្មី ដើម្បីជំរុញអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ជាវិធានការថ្មី មិនរាប់បញ្ជូលការបញ្ជូនកងទ័ពរបស់លោកខាងលិច ទៅជួយធ្វើសង្គ្រាមជាមួយរុស្ស៊ី។
ថ្លែងបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីអ៊ុយក្រែន លោក Macron បាននិយាយថា «យើងជឿជាក់ថា ការបរាជ័យរបស់រុស្ស៊ី គឺមិនអាចខ្វះបាន ចំពោះសន្តិសុខនិងស្ថិរភាព នៅអឺរ៉ុប។ លោកបាននិយាយថា រុស្ស៊ីកំពុងតែបង្ហាញពីអាកប្បកិរិយាឆេវឆាវ មិនត្រឹមតែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែជាទូទៅ តែម្តង។
លោក Macron បាននិយាយថា សម្ព័ន្ធថ្មីមួយ នឹងត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវ មីស៊ីល និងគ្រាប់បែករយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ដើម្បីអនុវត្តការវាយប្រហារ កាន់តែស៊ីជម្រៅ។ លោកបានបន្ថែមថា មានការយល់ស្របយ៉ាងទូលំទូលាយ ចំពោះរឿងនេះ ហើយក៏មានការឯកភាពគ្នាបង្កើនការផលិតអាវុធរួមគ្នា ជាមួយអ៊ុយក្រែន និងជំរុញឧស្សាហកម្មយោធារបស់ប្រទេសនេះ។
ខណៈពេលដែលមិនមាន «ការឯកភាពគ្នា» លើការបញ្ជូនកងទ័ពជើងគោកលោកខាងលិច ទៅកាន់អ៊ុយក្រែន លោក ម៉ាក្រុង និយាយថា ផែនការនេះមិនត្រូវបានដកចេញទេ ប៉ុន្តែ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនេះបានទេ។ លោកបានបដិសេធមិននិយាយបន្ថែមអំពីជំហររបស់បារាំង ចំពោះការបញ្ជូនទ័ពនេះ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគី ត្រូវបានដកស្រង់សម្តីដោយនិយាយថា សមាជិកសហភាពអឺរ៉ុប និងណាតូមួយចំនួនកំពុងថ្លឹងថ្លែង លើជម្រើសនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត