មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ គណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឡើងវិញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការគ.ជ.ប។ ភាគីពាក់ព័ន្ធដែលចូលរួមពិនិត្យផ្ទៀងផ្ទាត់មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងអង្គការសង្គមស៊ីវិលចំនួន៤។
លោក តុប ឫទ្ធី អគ្គនាយក នៃនាយកដ្ឋានសេវាកម្មច្បាប់ នៃបច្ចេកទេសនៅ គ.ជ.ប បានបញ្ជាក់ថា គណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេទាំង៨ភូមិ គឺគណបក្សប្រជាជនកម្ពុជា។ នៅការបញ្ចប់ការត្រួតពិនិត្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺនឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចនៅថ្ងៃទី២៩ ខែកុម្ភៈ ខាងមុខនេះ។ ក្រោយពី គ.ជ.ប ពិនិត្យសម្រេចនឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅពេលខាងមុខ។ ក្រោយពីប្រកាសលទ្ធផលបណ្តោះអាសន្នរួចហើយ គឺទុកឲ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ាក្នុងរយៈពេល៧២ម៉ោង។ ប៉ុន្តែក្នុងរយៈពេល៧២ម៉ោងក្រោយការបិទផ្សាយលទ្ធផលបណ្តោះអាសន្ន មិនមានការប្តឹងតវ៉ាទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការតែម្តង ទាំងសំឡេងឆ្នោតសរុបតាមគណបក្សនិមួយៗ និងអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោតតែម្តង។

លោកបានបន្តថា គ.ជ.ប បានកំណត់យកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធ្វើការត្រួតពិនិត្យលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រោយពីគណៈកម្មការរាជធានី ខេត្ត បានបញ្ជូនលទ្ធផលដែលបានត្រួតពិនិត្យនៅតាមមណ្ឌលរាជធានី ខេត្ត នីមួយៗ។ ហើយនៅថ្ងៃទី២៧ ខែកុម្ភៈនេះ គ.ជ.ប បានរៀបចំជាបីក្រុមនៅក្នុងការត្រួតពិនិត្យទៅលើទម្រង់ ១១១០ ទម្រង់ ១១១១ និងទម្រង់ ១១១៤ ។ នៅក្នុងត្រួតពិនិត្យបើសិនជាទម្រង់ទាំងបីនេះ មិនមានទិន្នន័យណាមួយខុសឆ្គងទេ គឺនឹងធ្វើការបូកសរុបចូលទៅក្នុងទម្រង់ ១១១៧។ ប៉ុន្តែក្នុងករណីដែលត្រួតពិនិត្យទម្រង់ទាំងបីនេះ ហើយឃើញថាមានទិន្នន័យមិនស៊ីគ្នាគឺឈានទៅដល់ដំណាក់កាលត្រួតពិនិត្យនៅកញ្ចប់ ១១០២ , ១១០១ និង ១១០៨ ថែមទៀត នេះគឺជានីតិវិធីដែល គ.ជ.ប ត្រូវពិនិត្យមើល។
លោក តុប ឫទ្ធី បានបញ្ជាក់ថា បន្ទាប់ពីត្រួតពិនិត្យ គឺលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មិនមានអ្វីខុសឆ្គងទេ ពោលគឺអ្វីដែលគណៈកម្មការរាជធានី ខេត្ត បានត្រួតពិនិត្យមក គឺត្រឹមត្រូវទាំងអស់។
បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយ បានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ


