Nissan នឹងបើកសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅជប៉ុន

តូក្យូ៖ ក្រុមហ៊ុន Nissan បានប្រកាសក្នុងថ្ងៃពុធថា នឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅប្រទេសជប៉ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧។

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុននេះនិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងសេវាកម្មពាណិជ្ជកម្មក្នុងឆ្នាំហិរញ្ញវត្ថុខាងមុខ ចាប់ពីខែមេសា ដោយប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិខ្នាតតូច នៅក្នុងតំបន់មួយនៃទីក្រុងយ៉ូកូហាម៉ា ភាគខាងត្បូងនៃទីក្រុងតូក្យូ។

ក្រុមហ៊ុន Nissan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មនេះ នឹងជួយដល់សហគមន៍ក្នុងតំបន់ ដែលកំពុងជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសកង្វះអ្នកបើកបររថយន្ត ដោយសារតែកំណើនប្រជាជនវ័យចំណាស់។ រដ្ឋាភិបាលជប៉ុនបានបង្កើនល្បឿនផ្នែកបច្ចេកវិទ្យាជាអាទិភាពសំខាន់ ដោយសារប្រទេសអាស៊ីនេះ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចំណាស់ ដែលត្រូវការការដឹកជញ្ជូន។

ចាប់តាំងពីឆ្នាំមុន ច្បាប់ចរាចរណ៍ផ្លូវគោកបានអនុញ្ញាតឱ្យយានយន្តបើកបរដោយខ្លួនឯងកម្រិតទី៤ អាចដំណើរការបាននៅលើផ្លូវសាធារណៈក្នុងកាលៈទេសៈមួយចំនួន។ ស្វ័យភាពយានយន្តត្រូវបានចាត់ថ្នាក់តាមមាត្រដ្ឋាន ពីលេខសូន្យដល់លេខប្រាំ។ កន្លងមក ក្រុមហ៊ុន Nissan ប្រកាសថា ខ្លួនកំពុងសាកល្បងគំរូអាជីវកម្មសម្រាប់សេវាកម្មចល័តបើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៧។

កាលពីឆ្នាំមុន គូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Honda និង General Motors របស់សហរដ្ឋអាមេរិក ក៏ដូចជាអង្គភាពបើកបរស្វ័យភាពរបស់ GM Cruise ក៏បានប្រកាសដែរថា ពួកគេនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុន ដែលនឹងចាប់ផ្តើមសេវាកម្មជិះរថយន្តគ្មានអ្នកបើកបរនៅប្រទេសជប៉ុន នាដើមឆ្នាំ២០២៦។ ចំណែកក្រុមហ៊ុន Toyota ក៏ត្រូវបានគេរាយការណ៍ផងដែរថា នឹងដាក់ដំណើរការសេវាកម្មដូចគ្នានេះកម្រិត៤ក្នុងតំបន់មានកំណត់ក្នុងទីក្រុងតូក្យូ នៅចុងឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner