អ៊ីស្រាអែល វាយប្រហារតំបន់ដាម៉ាស់ របស់ប្រទេសស៊ីរី

បរទេស៖ ក្រសួងការពារជាតិស៊ីរី បាននិយាយថា អ៊ីស្រាអែលទើបតែបានវាយប្រហារ នៅជិតទីក្រុង ដាម៉ាស់ (Damascus) ជាការវាយប្រហារចុងក្រោយបំផុត ដែលត្រូវបានរាយការណ៍ ចំពេលភាពតានតឹងក្នុងតំបន់កើនឡើង តាំងពីមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានកើតមានឡើង កាលពីថ្ងៃពុធ ហើយជាសកម្មភាពវាយលុកតាមអាកាស ផ្តោតលើទីតាំងមួយចំនួន នៅដាម៉ាស់ (Damascus) ប៉ុន្តែ ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានឆ្លើយតបទៅនឹងកាំជ្រួចនៃការឈ្លានពាននេះ ហើយបានបាញ់ទម្លាក់ភាគច្រើន នៃកាំជ្រួចផ្លោង របស់អ៊ីស្រាអែល។

ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សនៅស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ អ្នកប្រយុទ្ធគាំទ្រក្រុមហេសបូឡា-ស៊ីរី ចំនួនពីរនាក់ ហើយបានកំណត់គោលដៅ វាយប្រហារលើទីតាំងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ រួមទាំង ក្រុមហេសបូឡា របស់ប្រទេសលីបង់ នៅទីនោះ។

ការវាយប្រហាររបស់អ៊ីស្រាអែលរាលដាលដល់ទឹកដីប្រទេសស៊ីរីនេះ បានកើតមានឡើង ស្របពេលដែលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន បានឈានចូលដល់រយៈពេលជិត៥ខែមកហើយ។

អ៊ីស្រាអែលតែងតែបាននិយាយ ម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ពង្រីកវត្តមានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner