ក្រុមហ៊ុនជប៉ុនមួយបោះទុនជាងមួយលានដុល្លារពង្រីករោងចក្រកែច្នែគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
កំពង់ធំ៖ ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.កជប៉ុនបានបោះទុនជាងមួយលានដុល្លារអាមេរិកសាងសង់ពង្រីកបន្ថែម រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំដើម្បីបង្កើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។រោងចក្រនេះស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ រសៀលថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៤។
រោងចក្រដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទំហំ៥៨ ម៉ែត្រ គុណនឹង២០ ម៉ែត្រនិងអាច ផលិតបាន១០តោនក្នុងមួយថ្ងៃ ក្នុងកម្រិតកុងត្រា១ ៥០០តោនក្នុងមួយឆ្នាំសម្រាប់ឆ្នាំដំបូងនិងសម្រាប់ឆ្នាំបន្ទាប់៣ ០០០តោន ក្នុងមួយឆ្នាំ។ រយៈពេលសាងសង់ចំនួនបួនខែ ចាប់ពីខែមីនាដល់ចុងខែមិថុនាខាងមុខ ។ជាមួយគ្នានឹងដំណើរការសាងសង់ ក៏មានការចុះអនុស្សរណៈជាមួយនឹងសហគមន៍ចំនួន១០ផងដែរ។ក្នុងនេះមានសហគមន៍ចំនួនប្រាំស្ថិតនៅខេត្តព្រះវិហារនិងចំនួនប្រាំទៀត ស្ថិតនៅខេត្តកំពង់ធំផ្ទាល់។
បច្ចុប្បន្នខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ-ឧស្សាហកម្ម ដូចជា ដំណាំចន្ទីចំនួន ១៤៥.៣០០ហិកតានិងអាចប្រមូលផល បាន ៨០.០០០ហិកតាដោយទទួលបានទិន្នផលជាមធ្យម១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ខេត្តមាន សហគ្រាស សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួនប្រាំពីរកន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។
អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានលើក សរសើរពីដំណាំស្វាយចន្ទីខេត្តកំពង់ធំ ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈាន
មុខគេក្នុងប្រទេសកម្ពុជា។លើសពីនេះគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមានទំហំធំនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយដោយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ។
ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃ។នេះដោយសារ តែការកង្វះកន្លែងសម្រាប់សម្ងួត,ឃ្លាំងស្តុកទុកនិងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗ បន្ទាប់ពីប្រមូលផល។
ឯកឧត្តមបន្ថែមថា ដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំនិងដាក់ចេញនូវវិធានការចាំ បាច់នានា ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទី ។ក្នុងនោះ រួមមាន៖ ១) ការពង្រឹង និងការពង្រីកការ នាំចេញគ្រាប់ស្វាយចន្ទីដោយចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេចសិនពោលគឺផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន ។២)ការបន្តពង្រឹង ការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) ។៣) ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី និងទី៤) ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បី កែច្នៃនិង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកនិងកែច្នៃគ្រាប់ស្វាយចន្ទី៕
អត្ថបទនិងរូបភាព ៖ប៊ុន រដ្ឋា


