ឯកឧត្តម សុខ សូកេន ៖ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី

ភ្នំពេញ៖ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីអបអរសាទរ ខួបលើកទី ១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម សុខ សូកេន បានចូលរួមអបអរសាទរ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារនារី និងយេនឌ័ររបស់ក្រសួងទេសចរណ៍ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់ សម្គាល់ក្នុងបេសកកម្មជំរុញការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យទេសចរណ៍ និងឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រី “ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។

ឯកឧត្តម បន្តថា បច្ចុប្បន្ន ការយកចិត្តទុកដាក់ចំពោះស្ត្រី និងការពង្រឹងសមភាពយេនឌ័រនៅតែជាកិច្ចការ អាទិភាពដើម្បីធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាច ខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។

ដោយឡែក ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធឡើងក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាមានសារៈសំខាន់ ក្នុងគោលបំណងរំលេចអំពីសក្ដានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមរបស់ស្រ្តីនិង ក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្ត ក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងនៅក្នុងក្របខណ្ឌគោលនយោបាយក្នុង ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលមានស្ត្រីជាតួអង្គស្នូល។

រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពី ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត ព្រម ទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

គួរបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតឱកាសការងារ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ស្ថិតិទេសចរណ៍ ឆ្នាំ២០២៣ កន្លងទៅនេះ បានបង្ហាញឱ្យឃើញថាភ្ញៀវ ទេសចរអន្តរជាតិដែលបានចូលមកទស្សនាកម្ពុជាមានចំនួន ៥,៤៥ លាននាក់ កើនឡើង ១៣៩.៥% និងទេសចរជាតិចំនួន ១៨,៧៤ លាននាក់ កើនឡើង ៣៤.៥%(បើប្រៀបធៀបនឹងឆ្នាំ២០២២)។ លទ្ធផលនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការចូលរួមរបស់ស្ត្រីនោះឡើយ។ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យទេសចរណ៍ ក្រោមរូបភាពជា សហគ្រិន ជាម្ចាស់អាជីវកម្ម ជាអ្នកគ្រប់គ្រងអាជីវកម្ម ជាអ្នកបម្រើការជួរមុខ-ជួរក្រោយ ស្ត្រីជាអ្នក ដឹកនាំសហគមន៍ និងពង្រាយបណ្តាញនៅគ្រប់សរសៃឈាមនៃឧស្សាហកម្មទេសចរណ៍៕

អត្ថបទ-ចាន់ វិចិត្រ
រូបភាព-ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner