គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋាន Charle de Gaules (CDG) នៃសាធារណរដ្ឋបារាំង ដោយសុខសុវត្ថិភាព នៅវេលាម៉ោង ៦:៥០ព្រឹក (ម៉ោងនៅទីក្រុងប៉ារីស) នាថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ។

នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស គណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីបារាំង ថ្នាក់ដឹកនាំនិងមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំងជាច្រើនរូប ដែលក្នុងនោះ មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ព្រមទាំងសហការី។

សម្ដេចប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។

ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារាំងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារាំង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

កាលពីពាក់កណ្តាលខែមករា កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋបារាំងផងដែរ តបតាមការអញ្ជើញ របស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕
ដោយ:ហេង សម្បតិ្ត

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner