សម្តេច ម៉ែន សំអន ស្នើដល់ស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីធីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះ ពិចារណា កុំឲ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅស្រុកស្វាយជ្រំ នាព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅ ក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។

សម្តេចកិត្តិបណ្ឌិតក៏បានបន្តទៀតថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងសង្កេតឃើញថា មនុស្សគ្រប់វ័យ បាននឹងកំពុងប្រឈម និងរងនូវផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។ ដោយមើលឃើញអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរ ដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ត្រូវផ្តោតការ យកចិត្តទុក្ខដាក់ខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួលដល់ការបម្រើការងារ ប្រចាំថ្ងៃ ប៉ុន្តែ បច្ចេកវិទ្យាក៏អាចធ្វើឲ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណា និងមានសេចក្តីលោភ កុំឲ្យក្លាយជាអន្ទាក់ នៃការឆបោកតាមអនឡាញ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner