សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសន្ទនាជាមួយ ប្រធានាធិបតីបារាំង ប្រកបដោយភាពស្និទ្ធស្នាល និង ទំនាក់ទំនងដ៏ល្អ

(បារាំង)៖ នាថ្ងៃទីពីរនៃការចូលរួមកិច្ចប្រជុំប្រធានសភាស្រ្តីពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា រួមទាំងប្រធានសភាជាស្រ្តីមកពី ២៥ប្រទេស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី បារាំង ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឆ្លៀតសន្ទនាជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកបដោយភាពស្និទ្ធស្នាល និងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេស កម្ពុជា និងប្រទេសបារំាង។

សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលដើរតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ដែលកម្ពុជាកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីឆ្លុះបញ្ចាំងពីសន្ទុះ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ដែលនេះជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលសភាបារាំងធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងអំពីសិទ្ធិរំលូតកូនរបស់ស្រ្តី ដែលមិនអាចដើរថយក្រោយបានទេ ដោយសិទ្ធិនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញបារាំងរួចហើយ។ បុព្វហេតុស្រ្តីមិនមែនសម្រាប់តែស្រ្តីប៉ុណ្ណោះទេ តែសម្រាប់មនុស្សជាតិ និងសកលលោកទាំងមូល។

ឯកឧត្តមប្រធានាធិបតីបារំាង បានបញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការខិតខំធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តីនៅតាមផ្ទះ និងអំពើហិង្សាការរំលោភផ្លូវភេទលើស្រ្តីនៅតាមតំបន់ និងប្រទេសដែលមានសង្រ្គាម ដូចជានៅប្រទេសអ៊ុយក្រែន និងតំបន់កាហ្សាជាដើម។

ឯកឧត្តមប្រធានាធិបតី បានថ្លែងកោតសរសើរ និងសូមអរគុណចំពោះវត្តមានប្រធានសភាជាស្រ្តី មកពីបណ្តាទ្វីបទាំង ៥ ក្នុងពិភពលោក ដែលអញ្ជើញមករួមគ្នា ដើម្បីធ្វើការងារជួយពង្រឹងវត្តមានស្រ្តីនៅក្នុងការកាន់តំណែងនយោបាយធំៗ ហើយមានប្រទេសខ្លះបានចែងក្នុងរដ្ឋធម្មនុញ្ញអំពីការអោយមានភាគរយរបស់ស្រ្តីក្នុងតំណែងផ្សេងៗទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។

សូមជម្រាបថា ដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក នាឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ចំណែក ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារំាង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner