ការមិនផ្តល់សិទ្ធិដល់ស្ត្រី គំរាមកំហែងដល់វឌ្ឍនភាពពិភពលោក

បរទេស៖ ប្រមុខអង្គការសហប្រជាជាតិ ហៅកាត់ថា UN បានព្រមានថា ការបិទសិទ្ធិដល់ស្ត្រីប៉ះពាល់ខ្លាំង ដល់ភាពរីកចម្រើន នៅក្នុងពិភពលោក។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងថ្ងៃនារីអន្តរជាតិ ៨មីនា កាលពីថ្ងៃសុក្រ បានលើកឡើងពីស្ថានភាពប្រឈមខ្លាំងដល់ស្ត្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកចាត់ទុកថាជា «គំរូដ៏អាក្រក់បំផុត» ដោយសារតែ ក្មេងស្រីៗត្រូវបានដកចេញពី ប្រព័ន្ធអប់រំ ភាគច្រើន។

លោកក៏បានបញ្ចេញមតិជុំវិញ អំពើហិង្សាផ្លូវភេទលើស្ត្រី នៅក្នុងប្រទេសស៊ូដង់ អ៊ីស្រាអែល និងថែមទាំងបាននិយាយពីការចាប់ស្ត្រីឃុំឃាំង នៅប៉ាឡេស្ទីន ផងដែរ។

លោកបានគូសបញ្ជាក់ថា «ការប្រឆាំងនឹងសិទ្ធិស្ត្រី កំពុងតែគំរាមកំហែង មានទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍»។ លោក Antonio Guterres បានថ្លែងជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ សមភាពសម្រាប់ស្ត្រី និងកុមារី។

របាយការណ៍របស់ UN កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី១០នាក់ទូទាំងពិភពលោករស់នៅក្នុងភាពក្រីក្រខ្លាំង។ ប្រភពបន្តថា ចំនួនស្ត្រី និងក្មេងស្រីដែលរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០១៧ ដោយពេលនេះ មានស្ត្រី និងក្មេងស្រីជាង ៦១៤ លាននាក់រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារតែជម្លោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner