យុវជនមកពីគ្រួសារក្រីក្រដែលទទួលការបណ្ដុះបណ្ដាលមុខជំនាញថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល
បាត់ដំបង៖យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រង ហានិភ័យ ដែលកំពុងទទួលការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ
នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានថ្លែងនូវអំណរគុណចំពោះក្រសួងាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈពិសេសជូនចំពោះ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្ដល់ឱកាស ឱ្យពួកគេបានរៀនមុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយឥតបង់ ថ្លៃថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀលក្នុងមួយខែរយៈពេល៤ខែអំលុងពួកគេសិក្សា។
ប្រាប់ទូរទស្សន៍អប្សរាយុវជនទាំងនោះបានចាត់ទុកការផ្ដល់ឱកាសនេះមានសារៈសំខាន់ខ្លាំងណាស់។ពួកគេអាចទទួលបាននូវ មុខជំនាញមួយយ៉ាងច្បាស់លាស់ប្រចាំជីវិតនិងអាចរកប្រាក់ចំណូលបានសមរម្យទៅថ្ងៃអនាគត។អ្វីដែលពួកគេពេញចិត្ត គឺបានរៀន ទាំងទ្រឹស្តីក្នុងថ្នាក់និងការអនុវត្តផ្ទាល់ជាក់ស្ដែងជាមួយសម្ភារៈដ៏សំបូរបែប។ ជាពិសេសមានកន្លែងស្នាក់នៅ និងប្រើប្រាស់ទឹក ភ្លើងដោយមិនបង់ប្រាក់ថែមទៀត។
ចំណែក លោក អាន ចាន់សង នាយករងវិទ្យាស្ថានជាតិ វិជ្ជាជីវៈ បាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា បច្ចុប្បន្នវិទ្យាស្ថាន បាននិងកំពុងបណ្ដុះបណ្ដាលដល់ក្មួយៗយុវជន មកពីគ្រួសារ ក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យជាង៦០០នាក់ ។ការ សិក្សាផ្តោតលើ១០មុខជំនាញសម្រាប់វគ្គទី១។វិទ្យាស្ថាន នឹងបន្ត ជ្រើសរើសសិស្សគោលដៅខាងលើឱ្យចូលរៀនវគ្គបន្តបន្ទាប់បន្ថែមទៀត ដើម្បីឆ្លើយតបគោលដៅបណ្ដុះបណ្ដាល១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបាត់ដំបង បានបញ្ជាក់ថាបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ចេញគោលនយោបាយផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ រហូតមកដល់ពេលនេះខេត្តបាត់ដំបង មាន សិក្ខាកាមជាងពីរពាន់នាក់ហើយបាននិងកំពុងតែទទួលបាននូវការបណ្ដុះបណ្ដាលមុខជំនាញទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងដែលបង្ហាត់បង្រៀនដោយគ្រូឯកទេសមានបទពិសោធន៍ខ្ពស់ នៅតាម បណ្តាគ្រឹះស្ថានសិក្សាទាំងបីដែលមានទីតាំងនៅក្នុង ខេត្ត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប








