ឯកឧត្តម ហ៊ុន ម៉ានី៖ ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេប៉ុន្តែត្រូវបណ្តុះបណ្តាល ជាប្រចាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានបញ្ជាក់ថា ៖”ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលជាប្រចាំ”។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលកម្មវិធី «មនសិការពលរដ្ឋល្អ» នៅមជ្ឈមមណ្ឌលម៉ានី អគារThe Kampus នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តដោយថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិជាពិសេសក្នុងការអនុញ្ញាតឱ្យស.ស.យ.ក.ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉នសមត្ថភាពយុវជនតាមរយះការផ្តល់វគ្គបំប៉នដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចូលរួមជាអ្នកសង្កេតការណ៍ គាំទ្រកំណែទម្រង់វិស័យអប់រំ ការបង្កើតជាកម្មវិធីសម្រាប់យុវជននានា ដែលក្នុងនោះមានសិក្ខាសិលា ”មនសិការពលរដ្ឋល្អ” នាថ្ងៃនេះ។
ឯកឧត្តមបានបន្តថា សិក្ខាសិលា នេះនឹងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ នាពេលអនាគត។

ថ្លែងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្រកន្លងមករបស់ ស.ស.យ.ក. ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជន ក៏ដូចជាលើកស្ទួយវិស័យអប់រំនៅកម្ពុជា ជាពិសេសលើគំនិតផ្តួចផ្តើមក្នុងការបង្កើតសិក្ខាសិលា”មនសិការពលរដ្ឋល្អ” នេះឡើង។
ឯកឧត្តមបន្តថា សិក្ខាសិលានេះ បានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ និងជាវគ្គបណ្តុះបណ្តាលសតវត្សទី ២១ ដែលនឹងអនុញ្ញាតអោយយុវជនមានចំណេះដឹង និងបំនិនសម្បទា មានសមត្ថភាពក្នុងការពិចារណា វាយតម្លៃ វិនិច្ឆ័យ និងគ្រប់គ្រងលើបញ្ញាសិប្បនិម្មិត ( AI) ដែលកំពុងមានឥទ្ធិពលក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ន។


សូមជម្រាបជូនថា កម្មវិធី “មនសិការពលរដ្ឋល្អ” ដែលជាគម្រោងផ្តួចផ្តើមដោយ ស.ស.យ.ក.មានគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន បណ្តុះគំនិតច្នៃប្រឌិត ជំនាញទន់ ភាពជាអ្នកដឹកនាំរបស់យុវជន ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់យុវជនកម្ពុជា រួមទាំងផ្តល់ឱកាសឱ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អ។ កម្មវិធីនេះគ្រោងនឹងរៀបចំឡើងចាប់ពីខែឧសភា ឆ្នាំ២០២៤ នៅតាមគ្រឹះស្ថានសិក្សារាជធានី-ខេត្ត ជាគោលដៅសាកល្បងលើវិទ្យាល័យ ចំនួន ២១ នៅទូទាំងប្រទេស ដែល បើកឱ្យមានការចូលរួមដោយស្ម័គ្រចិត្តពីសិស្សានុសិស្ស សម្រាប់កម្រិតថ្នាក់ចាប់ពីថ្នាក់ទី១០ និងថ្នាក់ទី១១ មកពីគ្រឹះស្ថាន សិក្សារដ្ឋ និងឯកជន៕
ដោយ៖ពលជ័យ
