អាមេរិកប្រាប់អ៊ីស្រាអែល គិតពីជីវិតជនស៊ីវិលផង
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ បាននិយាយថា អាមេរិកគាំទ្រអ៊ីស្រាអែល តាមកំចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែអ្វីដែលគួរធ្វើជាងនេះទៀត គឺការពារជនស៊ីវិល។
ក្នុងបទសម្ភាសន៍មួយ លោកបៃឌិនបានលើកឡើងថា ខណៈវិបត្តិមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សា មានសភាពកាន់តែធ្ងន់ធ្ងរ លោក បៃដិន បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ មានសិទ្ធិដើម្បីការពារអ៉ីស្រាអែល និងសិទ្ធិបន្តតាមប្រមាញ់ក្រុមហាម៉ាស។ ប៉ុន្តែអ្វីដែលលោក ណេតាន់យ៉ាហ៊ូគួរតែធ្វើនោះគឺ ការយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតជនស៊ីវិល នៅក្រោមវិធីសាស្ត្រសង្រ្គាមសព្វថ្ងៃ។
លោកបន្ថែមទៀតថា «ជាទស្សនៈរបស់ខ្ញុំ លោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើឱ្យអ៉ីស្រាអែលខាតបង់ ច្រើនជាងជួយអ៉ីស្រាអែល»។
ប៉ុន្តែ លោក បៃដិន អះអាងថា លោកនឹងមិនបោះបង់ចោលអ៉ីស្រាអែលទេ ហើយការការពារអ៉ីស្រាអែលនៅតែមានសារៈសំខាន់ ដោយមិនមានបន្ទាត់ក្រហមអ្វី ឬការកាត់ផ្ដាច់ការផ្ដល់ជំនួយអាវុធនោះទេ។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានឲ្យដឹងថា ការសងសឹករបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស នៅភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១២០០នាក់នោះ បានធ្វើឲ្យមនុស្សស្លាប់នៅហ្គាហ្សា កើនដល់ជាង៣ម៉ឺននាក់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត