៣០ប្រទេសផ្តល់អាវុធដល់អ៊ុយក្រែន
វិទ្យាស្ថានអន្តរជាតិ នៅថ្ងៃចន្ទនេះ បានបង្ហាញរបាយការណ៍ចុងក្រោយថា មានប្រទេស យ៉ាងតិច ៣០បានផ្តល់សព្វាវុធ ដល់អ៊ុយក្រែន។ ការណ៍នេះបានធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំលំដាប់ទី៤លើពិភពលោក។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពហៅកាត់ SIPRI ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានឲ្យដឹងទៀតថា តួលេខនេះ គឺគិតចាប់ពីឆ្នាំ២០១៩ ដល់ ២០២៣។ ៥ឆ្នាំចុងក្រោយនេះ អាវុធសរុបដែលនាំចូលទៅអឺរ៉ុប ៥៥ភាគរយគឺនាំចេញពីអាមេរិក។ ចំនួននេះកើនឡើង៣៥ភាគរយ បើធៀបនឹងចន្លោះ ឆ្នាំ២០១៤ ដល់ ២០១៨។
របាយការណ៍ក៏បានបង្ហាញដែរថា ការនាំចូលអាវុធទៅកាន់អឺរ៉ុបបានកើនឡើង ៩៤ភាគរយ ក្នុងចន្លោះពីឆ្នាំ ២០១៩ ដល់២០២៣ បើធៀបនឹងចន្លោះពីឆ្នាំ២០១៤ ដល់ ២០១៨ ដោយមួយផ្នែកធំរុញច្រានដោយ សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែ ការនាំចេញអាវុធ របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះពាក់កណ្តាល។ ប្រភពបន្តថា បារាំងបានជំនួសរុស្ស៊ី ក្លាយជាប្រទេសនាំចេញអាវុធធំបំផុត របស់ពិភពលោក លំដាប់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាប្រទេសលក់អាវុធធំជាងគេបង្អស់៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត