ខែតមអាហាររបស់ឥស្លាមចាប់ផ្តើមក្រោមស្រមោលសង្គ្រាម

នៅថ្ងៃចន្ទនេះ គឺជាថ្ងៃចាប់ផ្តើមពិធីបុណ្យសាសនាឥស្លាមដ៏ធំលើពិភពលោក គឺបុណ្យរ៉ាម៉ាដន។ ប្រទេសឥស្លាមបានប្រកាសពីការចាប់ផ្តើមពិធីបុណ្យនេះក្រោមស្រមោលសង្រ្គាមនៅហ្គាហ្សា។

ខែរ៉ាម៉ាដន ដែលជាវេលា តមអាហារដ៏វិសុទ្ធរបស់មូស្លីម គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងប្រាំ របស់សាសនាឥស្លាម។ អារ៉ាប៊ី សាអូឌីត ដែលជាកន្លែងគោរពបូជាធំបំផុតរបស់សាសនាឥស្លាម និងស្ថាប័នប្រឹក្សាអ៊ីស្លាមនៅអេហ្ស៊ីប Dar al-Ifta បានប្រកាសចាប់ផ្តើមពិធីបុណ្យនៅថ្ងៃច័ន្ទនេះ ប៉ុន្តែ មានប្រទេសខ្លះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ដូចជា នៅប្រទេសម៉ារុក អូម៉ង់ និងលីប៊ី ជាដើម។

អ្វីដែលគួរឲ្យកត់សម្គាល់ពិធីបុណ្យនេះបានចាប់ផ្តើមក្នុងពេលមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ស្ទ្រីប ដែលជាទីកន្លែងរស់នៅ របស់ឥស្លាមប៉ាឡេស្ទីន។ ពួកគេហាក់អស់សង្ឃឹម ឬ ពិបាកប្រារព្ធពិធីបុណ្យនេះ ព្រោះថា កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី មិនទាន់លេចចេញ ហើយមនុស្សជិត ១.៥លាននាក់ កំពុងរស់ក្នុងជម្រកបណ្តោះអាសន្ន ខ្វះស្បៀងអាហារខ្លាំង។

វិស្វករកសិកម្ម លោក Bassel Yassin បាននិយាយថា សម្រាប់តំបន់ហ្គាហ្សា បុណ្យរ៉ាម៉ាដនឆ្នាំ២០២៤នេះ គឺខុសគ្នាទាំងស្រុង ពីបុណ្យរ៉ាម៉ាដន កាលពីឆ្នាំមុនៗ។ ទន្តបណ្ឌិត ដែលផ្លាស់ទីលំនៅពីទីក្រុង Gaza ភាគខាងជើង លោក Hassuna Tabib Hassnan និយាយថា លោកមិនដឹងថា ខែរ៉ាម៉ាដននឹងបញ្ចប់ទៅ របៀបណានោះទេ ដោយអះអាងថា នៅក្នុងផ្ទះរបស់ពលរដ្ឋហ្គាហ្សា គឺនៅក្នុងតង់មួយ នៅមាត់សមុទ្រ នាភាគខាងជើង ឬនៅភាគខាងត្បូង៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner